ភ្នំពេញ៖ សាលាគណរាជធានីភ្នំពេញបានចេញសេចក្តីប្រគេនដំណឹងដល់ព្រះគ្រូអនុគណ និងព្រះចៅអធិការគ្រប់វត្ដ ព្រះមេត្តានិមន្ត ភិក្ខុ សាមណេរ ដែលមានសិទ្ធិបោះឆ្នោត គង់នៅតាមបណ្តាវត្តក្នុងខណ្ឌនីមួយៗ ឱ្យទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ដើម្បីការអភិវឌ្ឍ និងការរីកចម្រើនរុងរឿងថ្កើងថ្កានលើគ្រប់វិស័យ។
សាលាគណរាជធានីភ្នំពេញ បានលើកឡើងថា ការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ គឺជាការ បោះឆ្នោតជាទូទៅ ជាសកល ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និងដោយសម្ងាត់ ស្របតាមគោល ការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។
សាលាគណរាជធានីភ្នំពេញ បានប្រគេនព្រះគ្រូអនុគណ និងព្រះចៅអធិការគ្រប់វត្ដ ព្រះថេរានុត្ថេរៈគ្រប់អង្គ គប្បីត្រិះរិះពិចារណា ធ្វើការសិក្សាស្វែងយល់ឱ្យបានច្បាស់លាស់ពីឆ្នាំ១៩៧៩ មកដល់បច្ចុប្បន្ននេះ ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំស្វែងរកសុខសន្តិភាពឱ្យកើតមានមកដល់ពេលនេះ គឺមិនមែនកើតដោយឯងៗនោះឡើយ។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នឹងចាប់ផ្ដើមនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ដោយមានគណបក្សចូលរួមប្រកួតប្រជែងចំនួន ១៨គណបក្ស៕