
អាជ្ញាធរជាតិអប្សរាដាក់ដំណើរការសាកល្បងខ្សែទស្សនាថ្មីនៅប្រាសាទអង្គរវត្ត និងប្រាសាទបន្ទាយស្រីដើម្បីបង្កើនគុណភាពនៃការទស្សនា
សៀមរាប៖ អាជ្ញាធរជាតិអប្សរាបានចេញសេចក្តីជូនដំណឹងស្តីពីការដាក់ដំណើរការសាកល្បងខ្សែទស្សនាថ្មី នៅប្រាសាទអង្គរវត្ត និងប្រាសាទបន្ទាយសី្រ ដើម្បីបង្កើនគុណភាពនៃការទស្សនា និងលើកតម្លៃប្រាសាទ។
សេចក្តីជូនឌំណឹងរបស់អាជ្ញាធរជាតិអប្សរានៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ឱ្យដឹងថាដើម្បីបង្កើនគុណភាពនៃការទស្សនា និងលើកតម្លៃប្រាសាទ ក៏ដូចជាផ្តល់នូវបទពិសោធន៍ល្អៗជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាជ្ញាធរជាតិអប្សរាបានសិក្សាស្រាវជ្រាវ និងរៀបចំខ្សែ ទស្សនាថ្មីនៅប្រាសាទចំនួន២ គឺប្រាសាទអង្គរវត្ត និងប្រាសាទបន្ទាយស្រី។
អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ខ្សែទស្សនាថ្មីនេះ គ្រោងនឹងដាក់ឱ្យដំណើរការ សាកល្បងចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ តទៅ ដោយហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារចាំបាច់នានា ដូចជាជណ្តើរ នាំង ខ្សែបាវ ស្លាកសញ្ញាប្រាប់ទិសដៅទស្សនា ផ្ទាំងព័ត៌មានបរិយាយពីចម្លាក់ នៅតាមជញ្ជាំងថែវ ត្រូវបានរៀបចំថ្មីបន្ថែមរួចរាល់ ដើម្បីសម្រួលដល់ការដាក់ដំណើរការសាកល្បងនេះ។
សេចក្តីជូនដំណឹងដដែលឱ្យដឹងថា ជម្រើសនៃខ្សែទស្សនាថ្មីរួមមាន ប្រាសាទអង្គរវត្ត ដែលមានបីជម្រើសដូចជា ខ្សែទស្សនារយៈពេលខ្លី “ទិសដៅទស្សនាបែបទេសចរ” រយៈពេល ២ម៉ោង និង ខ្សែទស្សនារយៈពេលមធ្យម "ទិសដៅទស្សនាបែបជំនឿ-សាសនា រយៈពេល ២ម៉ោង ៣០នាទី ព្រមទាំងខ្សែទស្សនា រយៈពេលវែង “ទិស៧ទស្សនាបែបប្រវត្តិសាស្ត្រ” រយៈពេល ៣ម៉ោង។ ចំពោះប្រាសាទបន្ទាយស្រី មានពីរជម្រើសដូចជា ជម្រើសរយៈពេលខ្លីមានរយៈពេល ១ម៉ោង២០នាទី និងជម្រើសរយៈ ពេលវែងមានរយៈពេល១ម៉ោង៤០នាទី។
អាជ្ញាធរជាតិអប្សរាគូសបញ្ជាក់ថា ចំពោះខ្សែទស្សនាថ្មីក្នុងប្រាសាទទាំងពីរនេះ នឹងអនុញ្ញាតឱ្យភ្ញៀវទេសចរឆ្លងកាត់ផ្នែកសំខាន់ៗដូចជា ផ្ទាំង ចម្លាក់សាច់រឿង ចំណុចសំខាន់ដែលអាចទស្សនាបានទូលំទូលាយជាងកាលពីពេលមុនជាដើម ហើយអំឡុងពេលនៃ ការដាក់ដំណើរការសាកល្បងនេះ អាជ្ញាធរជាតិអប្សរា ក៏នឹងប្រើប្រាស់នូវវិធីសាស្ត្រក្នុងការស្ទង់មតិ ការរាប់ចំនួនភ្ញៀវ និងការដើរ តាមភ្ញៀវ (Tracking) ផងដែរ។
គួរឱ្យដឹងដែរថា របាយការណ៍គ្រឹះស្ថានអង្គរបានឱ្យដឹងថា រយៈពេល ៥ខែ ឆ្នាំ២០២៣ ចំណូលដែលកម្ពុជាទទួលបានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរពីភ្ញៀវទេសចរជាង ៣៤៤ ៧៥៧នាក់ មានចំនួន ១៦ ០៦៥ ៨២៩ដុល្លារ កើនឡើង ៧៦៥,៤២% ភាគរយធៀប បើនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ខណៈចំណូលចំនួន ២ ០៣៤ ៦២៣ដុល្លារអាមេរិក ពីការលក់បណ្ណដល់ភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ចំនួន ៤៥ ៧៥៩នាក់៕