ភ្នំពេញ៖ ហ្វេសបុកផេករបស់នាយករដ្ឋមន្ត្រីកម្ពុជាដែលមានឈ្មោះថា «Samdech Hun Sen, Cambodian Prime Minister» ត្រូវបានដាក់ដំណើរការឡើងវិញដោយស្ថិតក្រោមការគ្រប់គ្រងរបស់ជំនួយការរបស់សម្ដេចគឺលោក ដួង តារា។
លោក ដួង តារា បានសរសេរនៅលើហ្វេសបុកផេកនាយករដ្ឋមន្ត្រីកាលពីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ថា ការដាក់ដំណើរការឡើងវិញនូវបណ្ដាញទំនាក់ទំនងសង្គមរបស់នាយករដ្ឋមន្ត្រីគឺដើម្បីរក្សាទំព័រហ្វេសបុកនេះបន្តប្រើជាប្រយោជន៍សង្គមជាតិ «ទោះបីនាយករដ្ឋមន្ត្រីមិនប្រើក៏ដោយ»។
លោក ដួង តារា សរសេរថា៖ «ខ្ញុំមិនចង់បាត់បង់ផេកដ៏សំខាន់ ដែលខ្ញុំបានប្រើពេល ១៣ឆ្នាំកន្លងមកនេះឡើយ»។
គួរឱ្យដឹងផងដែរថានាយករដ្ឋមន្ត្រីបានសម្រេចលុបចោលហ្វេសបុកផេករបស់សម្ដេចដែលមានអ្នកតាមដានជាង ១៤លាននាក់កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ជាការឆ្លើយតបនឹងក្រុមប្រឹក្សាភិបាលត្រួតពិនិត្យរបស់ក្រុមហ៊ុន Meta ដែលចង់ផ្អាកជាបណ្ដោះអាសន្ននូវទំព័រហ្វេសបុករបស់សម្ដេច។
ក្រោយនាយករដ្ឋមន្ត្រីលុបហ្វេសបុកផេកផ្ទាល់ខ្លួនក្រសួងប្រៃសនីយ៍បានប្រកាសបណ្ដេញតំណាងក្រុមហ៊ុន Facebook ចេញពីកម្ពុជា និងបញ្ឈប់សកម្មភាពជាតំណាងក្រុមហ៊ុននេះជាមួយកម្ពុជាផងដែរ ខណៈក្រសួងការរបរទេសក៏បានរាយឈ្មោះក្រុមប្រឹក្សាភិបាលត្រួតពិនិត្យរបស់ក្រុមហ៊ុន Meta ចំនួន ២២នាក់ដាក់ក្នុងបញ្ជីបុគ្គលដែលមិនត្រូវបានស្វាគមន៍នៅកម្ពុជាផងដែរ៕