ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះអ្នកសង្កេតការអន្តរជាតិទាំង៣៣៣នាក់មកពី៦៥ប្រទេសនិងស្ថាប័នអន្តរជាតិដែលបានអញ្ជើញមកកាន់ប្រទេសកម្ពុជាដើម្បីចូលរួមសង្កេតការណ៍ការបោះឆ្នោតសកលជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។
សម្ដេចតេជោបានសរសេរនៅលើ Channel Telegram របស់សម្ដេចនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣នេះថា៖ «យើងធ្លាប់បានបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រ ៦លើករួចមកហើយ និងលើកទី៧ ឆ្នាំ២០២៣នេះ មានអ្នកសង្កេតការណ៍មកពីក្រៅប្រទេសច្រើនបំផុត និងមានឥស្សរជនជាន់ខ្ពស់ច្រើនបំផុតមកចូលរួមសង្កេតការណ៍»។
ជាមួយគ្នានោះសម្ដេចបានថ្លែងអំណរគុណដល់ប្រធានសភា ប្រទេសម៉ាឡេស៊ី និងនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋហ្គីណេប៊ីស្សូ ដែលអញ្ជើញមកដើម្បីសង្កេតការណ៍ដោយផ្ទាល់ផងដែរ។
សម្ដេចតេជោបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំកំពូលនៃប្រទេសម៉ាឡេស៊ី និងហ្គីណេប៊ីស្សូទាំង១១រូបដែលបានចំណាយពេលវេលាធ្វើដំណើរមកកាន់កម្ពុជា ដើម្បីធ្វើជាសាក្សីនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជាផងដែរ៕