ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានបង្ហាញទីតាំង និង ពេលវេលាចេញដំណើររបស់រថយន្ដក្រុង៤៣០គ្រឿង សម្រាប់ដឹកពលរដ្ឋទៅតាមបណ្ដាខេត្ត ក្នុងថ្ងៃបោះឆ្នោតដោយមិនគិតថ្លៃ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនកម្មករ-និយោជិត និង ប្រជាពលរដ្ឋទៅស្រុកកំណើត នៅថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងចំនួន ៤៣០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈដោយចេញដំណើរពីរាជធានីភ្នំពេញនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ និងធ្វើដំណើរត្រឡប់ពីខេត្តមករាជធានីភ្នំពេញវិញ នៅថ្ងៃទី២៤ ខែកក្កដាឆ្នាំ២០២៣ ដោយមិនបង់ប្រាក់ និងមិនប្រកាន់និន្នាការនយោបាយណាមួយឡើយ។
សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីបានដាក់ឱ្យប្រើប្រាស់រថយន្តក្រុងចំនួន ៨០គ្រឿង។ សម្រាប់សេវាដឹកជញ្ជូនកម្មករ-និយោជិត និងប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តត្រឡប់មករាជធានីភ្នំពេញវិញប្រើប្រាស់រថយន្តក្រុងចំនួន ៣៥០គ្រឿង។
រដ្ឋបាលរាជធានីភ្នំពេញក៏បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជួន អ្នកដំណើរទាំងអស់ឱ្យរីក្សាតម្លៃដឹកជញ្ជូននៅដដែល ដោយពុំដំឡើងថ្លៃឈ្នួល ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញក្នុងការជួយសម្រួលការធ្វើដំណើររបស់បងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋ។
គួរឱ្យដឹងដែរថា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក្នុងសារសំឡេងពិសេសនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣បានបញ្ជាដល់ក្រសួងការងារ និងសាលារាជធានីភ្នំពេញ ឱ្យរៀបចំរថយន្តក្រុងសម្រាប់ដឹកកម្មករទៅបោះឆ្នោតដោយឥតគិតថ្លៃពី៣០០ ទៅ ៣៥០គ្រឿង ដើម្បីជួយសម្រួលដល់ការលំបាករបស់កម្មករនិយោជិត និងសម្រួលដល់ការបោះឆ្នោតនៅកម្ពុជា៕