ភ្នំពេញ៖ ភ្ញៀវទេសចរប្រចាំសប្តាហ៍ចាប់ពីថ្ងៃទី១០-១៦ ខែកក្កដា ឆ្នាំ២០២៣ មានប្រមាណ ៣០ម៉ឺននាក់ ខណៈគោលដៅទេសចរណ៍សំខាន់ៗមាន ៨រាជធានី-ខេត្ត។
របាយការណ៍ក្រសួងទេសចរណ៍នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ភ្ញៀវទេសចរសរុបមានចំនួន ២៩៦ ០០៥នាក់ ក្នុងនោះភ្ញៀវជាតិ ២៥៩ ៤៤១នាក់។ ដោយឡែក ភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ៣៦ ៥៦៤នាក់។
ជាមួយគ្នានេះ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន ខេត្តបាត់ដំបង ខេត្តកំពត រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ និងខេត្តកែប ខណៈខេត្តព្រះសីហនុ មានភ្ញៀវទេសចរទៅកម្សាន្តច្រើនជាងគេរហូតដល់ ៦៦ ៥៥៧នាក់។
របាយការណ៍ដដែលបានឱ្យដឹងថា ចំនួនភ្ញៀវទេសចរខាងលើ មានការកើនឡើងប្រមាណ ៣.១៥% ធៀបនឹងសប្តាហ៍កន្លងមក ក្នុងនោះភ្ញៀវជាតិ កើនឡើង ៣.៤% និងភ្ញៀវអន្តរជាតិ កើនឡើង ១.៣៦%។
មន្ទីរទេសចរណ៍សង្កេតឃើញថា ភ្ញៀវទេសចរភាគច្រើនក្នុងសប្តាហ៍កន្លងមក ជាភ្ញៀវក្នុងខេត្តផ្ទាល់ ដោយសារមន្រ្តីរាជការ និងប្រជាពលរដ្ឋដែលជាថ្នាក់ដឹកនាំ និងសមាជិកគណបក្សប្រជាជនកម្ពុជាដែលនៅភ្នំពេញ បន្តជាប់រវល់ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតតាមមូលដ្ឋានរបស់ខ្លួន។
គួរឱ្យដឹងដែរថា ចរន្តភ្ញៀវទេសចរអន្តរជាតិដែលដើរកម្សាន្តផ្ទៃក្នុងប្រទេស នៅតែមានការកើនឡើង ស្របពេលការបោះឆ្នោតថ្នាក់ជាតិកាន់តែកៀកមកដល់៕