ក្រសួងការងាររម្លឹកកម្មករនិយោជិតត្រូវបានឈប់សម្រាករយៈពេល៣ថ្ងៃ ដើម្បីទៅបោះឆ្នោតដោយទទួលប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗនៅដដែល
ភ្នំពេញ៖ ក្រសួងការងារបានរម្លឹកម្ដងទៀតទៅកាន់កម្មករនិយោជិតថាពួកគេត្រូវបានអនុញ្ញាតឱ្យឈប់សម្រាកពីការងារចំនួន ៣ថ្ងៃ គឺនៅថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ដោយទទួលប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗនៅដដែល ដើម្បីទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាល ទី៧ នៃរដ្ឋសភា។
សេចក្តីណែនាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ឱ្យដឹងថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្ដីពីការងារ រួមមាន សិប្បកម្ម ក្រុមហ៊ុន សណ្ឋាគារ ភោជនីយដ្ឋាន ក្លឹបកម្សាន្ត កាស៊ីណូ ផ្សារទំនើប និងគ្រប់អាជីវកម្មទាំងអស់ ត្រូវតែអនុញ្ញាតឱ្យកម្មករនិយោជិត បានឈប់សម្រាកពីការងារចំនួន ៣ថ្ងៃ ជាកំហិត គឺនៅថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ដោយរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗនៅដដែល ដើម្បីទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាល ទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
ជាមួយគ្នានេះ ក្រុមអធិការការងារថ្នាក់ក្រសួង និងថ្នាក់មន្ទីររាជធានី ខេត្ត ទាំងអស់ សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ច ចុះត្រួតពិនិត្យការអនុវត្តកាតព្វកិច្ចឈប់សម្រាកនេះ។
សេចក្តីណែនាំដដែលបញ្ជាក់ថា ក្នុងករណីរកឃើញការបំពានកាតព្វកិច្ចនេះ ត្រូវចាត់វិធានការតាមច្បាប់ជាធរមាន ដោយកម្មករនិយោជិតអាចផ្ដល់ព័ត៌មានមកក្រសួងជាបន្ទាន់ តាមរយៈតេឡេក្រាម https://t.me/KhmerWowkerChat ឬខ្សែទូរសព្ទបន្ទាន់ ១២៩៧ ប្រសិនមានករណីមិនអនុវត្តតាមសេចក្ដីណែនាំខាងលើ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្ឃឹមថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស គ្រឹះស្ថាន សិប្បកម្ម ក្រុមហ៊ុន សណ្ឋាគារ ភោជនីយដ្ឋាន ក្លឹបកម្សាន្ត កាស៊ីណូ ផ្សារទំនើប និងគ្រប់អាជីវកម្មទាំងអស់ ចូលរួមអនុវត្ត តាមសេចក្ដីណែនាំនេះប្រកបដោយប្រសិទ្ធភាព៕