អន្តរជាតិ៖ ខណៈប្រទេសចិនដែលជាទ្វីបធំជាងគេ និងមានប្រជាជនច្រើនជាងគេលើពិភពលោកកំពុងតែទទួលរងនូវឥទ្ធិពលរលកកម្តៅខ្លាំង ប្រទេសមួយនេះក៏ចាប់ផ្តើមទទួលឥទ្ធិពលព្យុះទីហ្វុងទី៤ដែលបោកបក់ខ្លាំងនៅភាគនិរតីនៃប្រទេសចិន ដែលរដ្ឋាភិបាលចិនបានជម្លៀសពលរដ្ឋចំនួន២៣ម៉ឺននាក់ទៅទីទួលសុវត្ថិភាព។
តាមព័ត៌មានផ្សាយដោយ BBC ព្យុះទីហ្វុង Talim បានបោកបក់នៅភាគនិរតីនៃប្រទេសចិន ដែលធ្វើឱ្យចិនបង្អាក់ជើងហោះហើរ និងបិទភូមិនេសាទ និងកន្លែងទេសចរណ៍ឆ្នេរជាបណ្តោះអាសន្នសិន ខណៈអ្នកនេសាទជាង៨២០០នាក់ត្រូវបានជម្លៀសចេញ។
ប្រភពដដែលបានបញ្ជាក់ឱ្យដឹងថា ព្យុះទីហ្វុង Talim បានវាយលុកខេត្ត Guangdong ជាមួយនឹងខ្យល់បក់ជិត១៤០ គីឡូម៉ែត្រក្នុងមួយម៉ោងកាលពីយប់ថ្ងៃចន្ទ។ ដើមឈើបានដួលរលំលើយានជំនិះ ត្រីបាឡែនមួយក្បាលបានបោកបក់លើច្រាំង ហើយទូរទឹកកកដែលពោរពេញដោយការ៉េមបានអណ្តែតចេញពីក្នុងទឹកជំនន់ ខណៈដែលព្យុះបានបក់កាត់ខេត្តក្វាងទុង។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ក្រុមអ្នកពន្លត់អគ្គីភ័យបានជួយសង្គ្រោះអ្នកដំណើរដែលជាប់នៅក្នុងរថយន្តរបស់ពួកគេដោយសារមែកឈើដួលរលំ។
យោងតាមការិយាល័យឧតុនិយមក្នុងតំបន់ ដែលដកស្រង់ដោយសារព័ត៌មាន Xinhua បានឱ្យដឹងថា ព្យុះទីហ្វុងនេះបានបោកបក់នៅម៉ោង៥ និង៤៥ នាទីព្រឹកថ្ងៃអង្គារនៅក្នុងទីក្រុង Beihai ក្នុងខេត្ត Guangxi ហើយបន្តឆ្ពោះទៅដល់ទីក្រុង Qinzhou នៅម៉ោង៩ ព្រឹកនេះ។
អាជ្ញាធរធនធានទឹក និងឧតុនិយមនៃខេត្តក្វាងស៊ី បានរួមគ្នាចេញសេចក្តីប្រកាសអាសន្នដោយព្យាករណ៍ថា ទីក្រុងនានារួមមាន Fangchenggang, Chongzuo, Nanning, Wuzhou និង Hezhou ទំនងជានឹងរងការវាយប្រហារដោយទឹកជំនន់ភ្នំក្នុងរយៈពេលចាប់ពីម៉ោង៨យប់នេះតទៅ៕