ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាព្រឹកព្រលឹមថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ចាប់ផ្តើមដឹកជញ្ជូនសន្លឹកឆ្នោត ត្រាសម្ងាត់ ទឹកខ្មៅលុបមិនជ្រះ និងសម្ភារមួយចំនួនទៀតចេញពីឃ្លំាងទៅចែកជូនតាមគណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោតទាំង ២៥សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា គ.ជ.ប បានបញ្ជាក់ថា គ.ជ.ប បានបោះពុម្ពសន្លឹកឆ្នោតជាង ១៣លានសន្លឹក ដោយជាង ១១លានសន្លឹកនឹងយកទៅប្រើប្រាស់នៅតាមការិយាល័យបោះឆ្នោតនីមួយៗ និងជាង ១លានសន្លឹកទៀតសម្រាប់បម្រុងទុកនៅតាមរាជធានីខេត្ត។
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ប្រាជ្ញ ចន្ទ បានថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាលបានបញ្ជាទិញទឹកខ្មៅលាងមិនជ្រះចំនួន ៥ម៉ឺន ២ពាន់ដបពីប្រទេសឥណ្ឌា ដោយក្នុងមួយដបមានចំណុះ ៧០មីលីលីត្រមានតម្លៃ ១៧,៦៣ដុល្លារ។
បើតាមលោក ប្រាជ្ញ ចន្ទ ទឹកខ្មៅលាងមិនជ្រះនេះនឹងយកទៅបែងចែងនៅតាមការិយាល័យបោះឆ្នោត ដោយក្នុងមួយការិយាល័យទទួលបានចំនួន២ដប ខណៈមានការិយាល័យបោះឆ្នោតសរុបចំនួន ២៣,៧៨៩ការិយាល័យ។
គួរឱ្យដឹងថា ពលរដ្ឋចំនួន ៩ ៧១០ ៦៥៥នាក់ ក្នុងនោះស្រី ៥ ១៦១ ៩០៩នាក់ មានឈ្មោះក្នុងបញ្ជីបោះឆ្នោតដែលមានសិទ្ធិទៅបោះឆ្នោតថ្នាក់ជាតិដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕