ស្នងការរាជធានីភ្នំពេញថាករណីដេញចាប់រថយន្តស្រ្តីម្នាក់ក្រោយផ្សារព្រែកឯងមិនមែនជាសកម្មភាពរបស់ចោរទេ
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានច្រានចោលការផ្សព្វផ្សាយមួយដែលធ្វើឲ្យប្រជាពលរដ្ឋទូទៅការយល់ច្រឡំចំពោះករណីមួយដែលមានមនុស្សប្រើប្រាស់រថយន្តមានសារ៉ែនដូចអង្គភាពរដ្ឋ ហើយមានមនុស្សដេញចាប់រថយន្តស្រ្តីម្នាក់ដូចសកម្មភាពរបស់ចោរ។
សេចក្តីបំភ្លឺព័ត៌មានរបស់អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ឱ្យដឹងថាការចុះផ្សាយវីដេអូនៅលើបណ្ដាញសង្គមរបស់គណនីហ្វេសប៊ុកឈ្មោះ Mey Mey Kim ថាមានករណីដេញប្លន់ដល់ក្នុងបូរី ក្រោយផ្សារព្រែកឯង កាលពីយប់ថ្ងៃសុក្រ ទី៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១១:២០យប់ ជា«ការចុះផ្សាយព័ត៌មានមិនពិត» ជាក់ស្តែងស្ត្រីខាងលើជាប់ពាក់ព័ន្ធនឹងករណីពាក្យបណ្តឹងអំពើលួច (ប្រាក់)។
ស្នងការរាជធានីភ្នំពេញបានឱ្យដឹងទៀតថា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ចេញដីការបញ្ជាឲ្យចូលខ្លួន តែរហូតមកដល់ពេលនេះស្ត្រីរូបនោះ បានរត់គេចខ្លួនដោយមិនបានចូលខ្លួនតាមការបញ្ជារបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាលនោះឡើយ។
បញ្ជាក់ថា ជាក់ស្តែង ស្ត្រីខាងលើជាប់ពាក់ព័ន្ធនឹងករណីពាក្យបណ្តឹងអំពើលួច (ប្រាក់) ដែលចេញដោយព្រះរាជអាជ្ញាខេត្តកណ្តាល ចេញដីការបញ្ជាឱ្យចូលខ្លួន តែរហូតមកដល់ពេលនេះស្ត្រីរូបនោះ បានរត់គេចខ្លួន ដោយមិនបានចូលខ្លួនតាមការបញ្ជារបស់ព្រះរាជអាជ្ញានោះឡើយ។
គួរឱ្យដឹងដែរថា ស្រ្តីម្នាក់បានចុះផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ជាមួយនឹងវីដេអូពីកាម៉េរាសុវត្ថិភាពថា មានក្រុមចោរមួយក្រុមមានឡានពីរគ្រឿងម៉ូតូបីគ្រឿងនិងមានអាវុធក្នុងដៃ ហើយមានឡានមួយគ្រឿងទំនងជាឡានរបស់អង្គភាពក្នុងក្របខណ័្ឌណាមួយដែលមានសារ៉ែននៅពីលើ និងបញ្ជាក់ថាក្រុមទាំងនោះដែលមានគ្នាជាក្រុមធ្វើសកម្មភាពយ៉ាងសាហាវឃោឃៅស្ទាក់ពីមាត់ផ្លូវចូលផ្ទះរហូតដល់ក្នុងបុរីដែលមានសន្តិសុខនៅយាមពីមុខនៅតែមិនអាចឃាត់បាន រហូតដល់ខ្លួនជិះទៅដល់ទីតាំងសុវត្ថិភាព៕