
លោក គ្រី ទូច ត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទានគោរមងារជា«អ្នកឧកញ៉ា ឧត្តមមង្គលសោភ័ណ គ្រី ទូច»
ភ្នំពេញ៖ លោក គ្រី ទូច ដែលត្រូវជាបងបង្កើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទានគោរមងារជា«អ្នកឧកញ៉ា ឧត្តមមង្គលសោភ័ណ គ្រី ទូច»។ នេះបើតាមព្រះរាជក្រឹត្យដែលព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខានាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣។
ព្រះមហាក្សត្រប្រោសព្រះរាជទានគោរមងារដល់លោក គ្រី ទូច ក៏ព្រោះតែលោក គ្រី ទូច បានបរិច្ចាគកម្លាំងកាយ-ចិត្ត និងទ្រព្យធន ប្រកបដោយ សទ្ធាជ្រះថ្លាដ៏ជ្រាលជ្រៅបំផុត បូជាចំពោះសង្គមជាតិ និងបានជួយកសាងសមិទ្ធផលនានា ជួយឧបត្ថម្ភដល់ជនក្រីក្រគ្មានទីពំនឹងទាំងឡាយ ប្រកបដោយមហាសប្បុរសធម៌ មនុស្សធម៌នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
ព្រះមហាក្សត្រទ្រង់ក៏បានយល់ថា លោក គ្រី ទូច ប្រកបដោយទឹកចិត្តបរិសុទ្ធ ប្រសើរក្រៃលែង ប្រកាន់ ខ្ជាប់ក្នុងសេចក្ដីស្អាត វិសេស ហ្មត់ហ្មង ឥតមន្ទិល សេចក្តីបរិសុទ្ធក្នុងព្រះធម៌ បូជាចំពោះ ព្រះពុទ្ធសាសនា។
ជាមួយគ្នានេះលោក គ្រី ទូច ក៏បានបានចូលរួមការងារបម្រើជាតិ មាតុភូមិ តាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ កសាងបាននូវសន្តិភាពជាតិ ឯកភាពជាតិ សេដ្ឋកិច្ចជាតិ ការអភិវឌ្ឍជាតិលើគ្រប់វិស័យ ការពារលទ្ធិប្រជាធិបតេយ្យ និងមានស្ថិរភាព សន្តិសុខសង្គម បានល្អប្រសើរ ព្រមទាំងរក្សា និងការពារបាននូវឯករាជ្យជាតិ និងបូរណភាពទឹកដី ក្រោមកិច្ច ដឹកនាំដ៏ឆ្នើម ឈ្លាសវៃ និងប៉ិនប្រសប់ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕