លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ |

វិមានរំលឹកដល់វីរជនខ្មែរដែលស្លាប់ក្នុងសង្គ្រាមលោកលើកទី១ ត្រូវបានដាក់បង្ហាញជាសាធារណៈរម្លឹកពីការសាមគ្គីគ្នាបារាំង-កម្ពុជា

ភ្នំពេញ៖ វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤-១៩១៨ ត្រូវបានដាក់បង្ហាញជាសាធារណៈសាជាថ្មី ដើម្បីជាការរំលឹកដល់ពលិកម្មនៃអតីតយុទ្ធជនស្ម័គ្រចិត្តខ្មែរ និងបារាំងក្នុងសម័យសង្គ្រាម។ វិមាននេះត្រូវបានដាក់ឱ្យប្រើប្រាស់ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងឯកអគ្គរដ្ឋទូតបារាំង នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ។

វិមានដ៏ក្បួរក្បាច់នេះនៅក្នុងសួនមុខស្ថានទូតបារាំង ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ វិមានរំលឹកដល់វីរជនស្ម័គ្រចិត្តសង្គ្រាមលោកលើកទី១នេះ សាងសង់ក្នុងទីតាំងដដែលបន្ទាប់ពីវាត្រូវបានខ្មែរក្រហមបំផ្លាញក្នុងឆ្នាំ១៩៧៥។

ថ្លែងក្នុងពិធីសម្ពោធដាក់បង្ហាញជាផ្លូវការនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ នេះ រដ្ឋមន្ត្រីដែនដីកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានថ្លែងថាការសម្ពោធនវិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១នេះជាសមិទ្ធផលថ្មីមួយរបស់រាជរដ្ឋាភិបាលដែលមានអត្តន័យប្រវត្តិសាស្ត្រផង និងមានចរិតអភិរក្សនគរូបនីយកម្មផងដែរ។

លោកថ្លែងថា៖ «ការសាងសង់នូវវិមាននេះពិតជាបានបង្ហាញនូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការការពារអភិរក្សនិងការស្ដារឡើងវិញនូវរតនភ័ណ្ឌទីក្រុងរបស់រាជធានីភ្នំពេញដែលជារាជធានីក្រុងបតិភណ្ឌ និងជាទីក្រុងប្រវត្តិសាស្ត្រធំបំផុតរបស់ព្រះរាជាណាចក្រកម្ពុជា»

លោកបន្ថែមថាការសាងសង់វិមាននេះក៏បង្ហាញពីផ្លែផ្កាសន្ដិភាពរបស់កម្ពុជាដែលបង្កើតបាននូវស្ថាបត្យករជនជាតិខ្មែរដែលអាចសាងសង់បាននូវសំណង់តាមលំនាំដើមទាំងស្រុងឥតមានចន្លោះ។

វិមានរំលឹកដល់អ្នកដែលស្លាប់ក្នុងសង្គ្រាមលោកលើកទី១ នេះត្រូវបានសាងសង់និងសម្ពោធម្ដងហើយកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ១៩២៥ ទោះជាយ៉ាងណាវិមានដ៏វិចិត្រនេះត្រូវបានខ្មែរក្រហមដាក់គ្រាប់បែកបំផ្លាញជាបំណែកៗអស់ក្នុងឆ្នាំ១៩៧៥ ដែលធ្វើឱ្យបាត់បង់រូបតាំងពីពេលនោះមកដែលស្ទើតែធ្វើឱ្យពលរដ្ឋខ្មែរលែងដឹងឮរហូតមកដល់សព្វថ្ងៃ។

ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាលោក  Jacques Pellet បានថ្លែងថាការសម្ពោធវិមានជាថ្មីនេះជាការបង្ហាញពីឆន្ទះក្នុងការមិនបំភ្លេចបាននូវអតីតកាល និងការចងចាំនូវប្រវត្តិសាស្ត្រដែលមិនអាចបំភ្លេចបានរបស់មនុស្សជាតិ ហើយវាជាការឆ្លើយតបទៅនឹងភាពឆ្កួតលាលីរបស់ខ្មែរក្រហមដែលចង់លុបបំបាត់អតីតកាល និងបង្ហាញថាពួកយើង «ស្អប់នូវសង្គ្រាម»

លោកថា៖ «ក្នុងនាមប្រធានាធបិតីនៃសាធារណរដ្ឋបារាំងខ្ញុំសុំអនុញ្ញាតថ្លែងអំណរគុណសម្ដេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តមឧបនាយករដ្ឋមន្ត្រីដែលបានផ្ដួចផ្ដើមគំនិតសាង់វិមាននេះឡើងវិញដែលមិនមែនជានិមិត្តរូបនៃទំនាក់ទំនងនៃប្រជាពលរដ្ឋនៃប្រទេសយើងទាំងពីរនោះទេថែមទាំងជាសារសាកលមួយនៃសន្ដិភាពនិងភាពអត់អោនឱ្យគ្នា»។ 

វិមានរំលឹកដល់អ្នកដែលស្លាប់ក្នុងសង្គ្រាមលោកលើកទី១នេះត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រកាសថានឹងសាងសង់ឡើងវិញក្នុងពេលដែលសម្ដេចបានថ្លែងក្នុងសន្នីសិទកាសែតមួយនាទីក្រុងប៉ារីសប្រទេសបារាំងកាលពីខែធ្នូ ឆ្នាំ២០២២។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាការសម្ពោធវិមាននៅថ្ងៃនេះគឺជាការដាស់តឿនកុលបុត្រខ្មែរឱ្យស្គាល់តម្លៃនៃសន្ដិភាពដែលជាគុណតម្លៃសាកលនៃមនុស្សជាតិ និងចូលរួមទាំងអស់គ្នាទប់ស្កាត់នូវគ្រប់ឧបាយកលដែលបង្ករឱ្យមានអស្ថិរភាពសង្គមជាពិសេសត្រូវសាមគ្គីថែរក្សាសន្ដិភាពដែលកម្ពុជាមានពេលបច្ចុប្បន្នឱ្យឋិតឋេរតរៀងទៅ។

សម្ដេចតេជោបានបញ្ជាឱ្យរដ្ឋបាលរាជធានីភ្នំពេញបន្តថែរក្សាវិមានដែលដាក់សម្ពោធនាថ្ងៃនេះឱ្យបានល្អ ដែលនឹងបង្ករនូវសោភ័ណ្ឌភាពបន្ថែមសម្រាប់រាជធានីភ្នំពេញជូនប្រជាពលរដ្ឋ និងអ្នកទេសចរណ៍។ សម្ដេចក៏អនុញ្ញាតដល់ទូតបារាំងក្នុងការប្រើប្រាស់វិមាននេះសម្រាប់រំលឹកខួបអនុស្សាវរីយ៍បញ្ចប់សង្គ្រាមលោកលើកទី១ និងពិធីផ្សេងៗទៀតផងដែរ។

សម្ដេចថា៖ «សង្ឃឹមថាឯកឧត្តម Jacques Pellet នឹងជួយទាក់ទាញអ្នកទេសចរណ៍បារាំងហើយឱ្យពួកគេមកទីនេះដើម្បីដាក់ផ្ការគោរពនូវវិញ្ញាក្ខន្តអ្នកដែលបានបូជាជីវិតកាលពីសង្គ្រាមលោកលើកទី១។ ហើយនេះគឺជាទំនាក់ទំនងដ៏ល្អរបស់យើងដែលជាផ្នែកមួយនៃទំនាក់ទំនងរវាងប្រជាជននិងប្រជាជន»

វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤-១៩១៨ ត្រូវបានធ្វើឡើងក្នុងរចនាបថខ្មែរនិងរចនាប្លង់ដមដោយស្ថាបត្យករ ប៉ូល ឌុយគូអ៊ីង (Paul Ducuing) មានកម្ពស់ ១២,៧៤ម៉ែត្រ ដែលបង្ហាញនូវ ទាហានកម្ពុជា និងបារាំង២នាក់កាន់ស្លឹកឡូរីយេតំណាងឱ្យសន្ដិភាពនៅខាងលើបង្អស់ តួកណ្ដាលមានកណ្ដឹង ដែលមានទម្រពីក្រោមបានឆ្លាក់ឈ្មោះទាហានដែលបានពលីជីវិតចំនួន ១៨៤នាក់លើនោះផងដែរ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក