ភ្នំពេញ៖ យុវតីឆ្នើមថ្នាក់ទី៩នៅសាលាអន្តរជាតិ CIA FIRST គា ឆរីតា បានជាប់ជ័យលាភីលេខ១កម្រិតសកលលោក និងទទួលបានមេដាយមាសក្នុងការប្រកួតវិញ្ញាសាគណិតវិទ្យាអន្តរជាតិ Caribon Mathematics Contest 2023 តាមប្រព័ន្ធអនឡាញកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា។
យុវតីឆ្នើម គា ឆរីតា ជាប់ជ័យលាភីលេខ១កម្រិតសកលលោកផ្នែកគណិតវិទ្យាក្នុងចំណោមបេក្ខជនកម្ពុជាចំនួន២២៣១នាក់ដែលបានចូលរួមប្រកួតវិញ្ញាសាគណិតវិទ្យាកម្រិតសិស្សថ្នាក់ទី៧និងទី៨។
តាមសេចក្តីប្រកាសព័ត៌មានរបស់សាលាអន្តរជាតិ CIA FIRST ការប្រកួតនេះត្រូវបានរៀបចំឡើងដើម្បីផ្តល់ឱកាសដល់សិស្សានុសិស្សមកពីសាលារដ្ឋនិង ឯកជននៅកម្ពុជាអាចវាស់ស្ទង់សមត្ថភាពរបស់ខ្លួន និងរៀនសូត្រ ព្រមទាំងដកស្រង់បទពិសោធន៍ពីភាពជោគជ័យនៃបណ្តាប្រទេសនានាជុំវិញពីភពលោក។
ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការប្រកួតនេះជាលើកទី៤ហើយ ហើយនេះជាលើកទី២ដែលសិស្សសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានចូលរួម។
ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី និងជាតំណាងក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន បានលើកឡើងថា ការប្រកួតប្រជែងគណិតវិទ្យាអន្តរជាតិតាមប្រព័ន្ធអនឡាញនេះគឺជាការប្រកួតលំដាប់អន្តរជាតិដែលមានសិស្សនុសិស្សចូលរួមសរុបប្រមាណជាជាង៨ម៉ឺននាក់មកពី៨២ប្រទេសជុំវិញពិភពលោកនៅឆ្នាំ២០២៣នេះ។
គណៈគ្រប់គ្រងសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ មានមោទនភាព ព្រមទាំងចូលរួមអបសាទរចំពោះយុវតីឆ្នើម គា ឆវីតា ដែលបាននាំមកនូវជ័យលាភីឯកកម្រិតសកលជូនខ្លួនឯង គ្រួសារ សាលារៀន និង សង្គមជាតិ។
គណៈគ្រប់គ្រងសាលា លើកទឹកចិត្តដល់សិស្សានុសិស្សដទៃទៀតឱ្យគិតខំប្រឹងប្រែងរៀនសូត្រ ពិសេសចូលរួមក្នុងការប្រកួតប្រជែងនានាទាំងក្នុងក្របខណ្ឌប្រទេស និងក្របខណ្ឌអន្តរជាតិ។
លោក ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរ យុវតី គា ឆរីតា ដែលបានប្រឡងជាប់លេខ១ កម្រិតសកលលោក និងទទួលបានមេដាយមាស ១គ្រឿង លើវិញ្ញាសា គណិតវិទ្យាអន្តរជាតិ តាមប្រព័ន្ធអនឡាញ Caribou Mathematics Contest 2023៕