
រដ្ឋមន្ត្រីការបរទេសបញ្ជាក់ឡើងវិញពីការគាំទ្ររបស់កម្ពុជាក្នុងការពន្លឿននៃការអនុវត្តកិច្ចព្រមព្រៀងស្តីពីមីយ៉ាន់ម៉ា
ឥណ្ឌូនេស៊ី៖ រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា លោក ប្រាក់ សុខុន បានបញ្ជាក់ឡើងវិញអំពីការគាំទ្ររបស់កម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងដោយ ឥណ្ឌូនេស៊ីដែលជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៣ ក្នុងការពន្លឿននៃការអនុវត្តកិច្ចព្រមព្រៀងជា ឯកច្ឆន្ទប្រាំចំណុចស្ដីពីមីយ៉ាន់ម៉ា។
លោក ប្រាក់ សុខុន លើកឡើងដូចនេះក្នុងឱកាសចូលរួម ក្នុងសម័យប្រជុំចង្អៀតនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៦ ដែលដឹកនាំដោយលោកស្រី រ៉េតណូ ម៉ារស៊ូឌី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី នៅថ្ងៃទី១២ ខែ កក្កដា ឆ្នាំ២០២៣ នាទីក្រុងហ្សាកាតា ។
នៅក្នុងសម័យប្រជុំចង្អៀតនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៦ លោក ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា ការភ្ជាប់ទំនាក់ ទំនងគឺជាគន្លឹះ ក្នុងការលើកកម្ពស់ការទុកចិត្ត និងភាពជឿជាក់លើគ្នា ព្រមទាំងការកសាង បរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនាប្រកបដោយសន្តិភាព និងបរិយាបន្ន។
រដ្ឋមន្ត្រីការបរទេសរូបនេះ បានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃការវាយតម្លៃ និងសេចក្តីសម្រេចចិត្តរបស់ ថ្នាក់ដឹកនាំអាស៊ានស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ្រប្រាំចំណុច ជាពិសេសចំណុចទី១៤ ស្តីពីការរិះរកវិធីសាស្ត្រផ្សេងៗ ដែលអាចគាំទ្រនិងបំពេញបន្ថែមដល់ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច។
ទន្ទឹមនោះ លោកបានសម្តែងនូវការកោតសរសើរដល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស នៃព្រះរាជាណាចក្រថៃ លោក ដន ប្រាម៉ាត់វិណៃ ចំពោះវិភាគទានដ៏មានតម្លៃរបស់លោកទៅដល់ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច និងបានស្វាគមន៍ចំពោះជំនួបរវាង លោក ដន ប្រាម៉ាត់វិណៃ ជាមួយ លោកស្រី អោងសាន ស៊ូជី នៅទីក្រុងណៃពីដា កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ ដែលនេះជាការវិវឌ្ឍជាវិជ្ជមានមួយ។
ក្នុងឱកាសនោះដែរ លោក ប្រាក់ សុខុន ក៏បានឆ្លៀតទទួលជួបទ្វេភាគីជាមួយលោកស្រី ផិននី វង់ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត និងបានផ្លាស់ប្តូរ ទស្សនៈអំពីបញ្ហានានា ដែលជាក្តីបារម្ភ និងផលប្រយោជន៍រួមផងដែរ៕