ភ្នំពេញ៖ អត្តពលិកកម្ពុជាចំនួន ១៦០រូបនឹងទៅចូលរួមប្រកួតកីឡាអាស៊ីលើកទី១៩ (Asian Games) នៅទីក្រុង Hangzho ប្រទេសចិនចាប់ពីថ្ងៃទី២៦ ខែកញ្ញា រហូតដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣។ អត្តពលិកទាំង១៦០នោះនឹងត្រៀមចេញទៅហ្វឹកហាត់នៅប្រទេសចិនតែម្តងក្នុងខែសីហាខាងមុខនេះ។
អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោក វ៉ាត់ ចំរើន បានលើកឡើងថា ក្រោយចប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្ររួចរាល់ហើយ នៅខែសីហាកម្ពុជានឹងបញ្ជូនក្រុមជម្រើសជាតិចំនួន ១២ប្រភេទសរុបចំនួន ១៦០រូបទៅហ្វឹកហាត់នៅប្រទេសចិនរហូតដល់ថ្ងៃប្រកួតនៅខែតុលាតែម្តងជាមួយនឹងអត្តពលិក គ្រូបង្វឹក សរុបចន្លោះពី១៥០នាក់ទៅ២៥០នាក់។
លោក វ៉ាត់ ចំរើន បានប្រាប់ឱ្យដឹងថា អត្តពលិកដែលទៅចូលរួមការប្រកួតកីឡាអាស៊ីលើកទី១៩ ខាងមុខនេះ គឺសុទ្ធតែជាអត្តពលិកដែលដណ្តើមបានមេដាយកម្រិតល្អជាងគេក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ កន្លងមក។
លោក វ៉ាត់ ចំរើន បានពន្យល់ថា ការដែលជ្រើសរើសអត្តពលិកកម្ពុជាដែលមានកម្រិតមេដាយខ្ពស់គឺដើម្បីសន្សំសំចៃផង ដើម្បីឱ្យការចូលរួមប្រកួតមានប្រសិទ្ធភាព និងថែរក្សាកិត្តិយសជាតិ។
អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោក វ៉ាត់ ចំរើន បានថ្លែងថា៖ «យើងកំពុងតែរៀបចំការងារនេះឱ្យបានក្រោមការចង្អុលបង្ហាញដោយឯកឧត្តមបណ្ឌិត ថោង ខុន ដែលដាក់ចេញនូវគោលការណ៍ជាច្រើន ពិនិត្យលើលក្ខណៈបច្ចេកទេសការហ្វឹកហាត់កីឡារបស់កីឡាករ និងកីឡាការនីនេះជាធំ។ យើងបានធ្វើការជាមួយសហព័ន្ធកីឡា និងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនដើម្បីធ្វើយ៉ាងណាឱ្យការចូលរួមប្រកួតកីឡានៅប្រទេសចិនឱ្យទទួលបានលទ្ធផលល្អលើសពីការប្រកួតនៅ Asian Games នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ីកាលពីឆ្នាំ២០១៨»។
គោលការណ៍ជាច្រើនដែលបានចង្អុលបង្ហាញរបស់ឯកឧត្តមបណ្ឌិត ថោង ខុន សម្រាប់កីឡាអាស៊ីនេះ គឺដើម្បីឱ្យកម្ពុជាទទួលបានលទ្ធផលល្អ លើសពីសមិទ្ធផល ដែលធ្លាប់ដណ្តើមបានមេដាយមាសនៅក្នុងការប្រកួតកីឡាអាស៊ី លើកទី១៨ នៅប្រទេសឥណ្ឌូណេស៊ី កាលពីឆ្នាំ២០១៨ កន្លងទៅ»។
គូសរំលឹកថា កាលប្រកួតកីឡាស៊ីហ្គេមលើកទី៣២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបញ្ចប់ប្រកបដោយជោគជ័យ ដោយមានអត្តពលិកកម្ពុជាដណ្តើមបានមេដាយសរុបចំនួន ២៨២មេដាយ ដោយមេដាយមាសចំនួន៨១ មេដាយប្រាក់ចំនួន៧៤ និងមេដាយសំរិទ្ធចំនួន១២៧។ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម អត្តពលិកកម្ពុជាឈ្នះមេដាយសរុបចំនួន៧១ ដោយមេដាយមាសចំនួន៩ មេដាយប្រាក់ចំនួន១៨ និងមេដាយសំរិទ្ធចំនួន៤៤៕