ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជានឹងបិទបញ្ចប់ហែក្បួនឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រថ្ងៃចុងក្រោយទី២១ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាក់ថាក្បួនដង្ហែនឹងរៀបចំឡើងលើតម្រាយផ្លូវប្រវែងជាង ៩គីឡូម៉ែត្រ នៅក្នុងរាជធានីភ្នំពេញពីកោះពេជ្រ មកបញ្ចប់នៅបឹងកក់។
ពិធីហែក្បួនឃោសនានយោបាយគណបក្សប្រជាជនកម្ពុជានាថ្ងៃទី២១ ខែកក្កដា នឹងមានការចូលរួមពីគណៈកម្មាធិការគណបក្សខណ្ឌទាំង១៤ អង្គភាពនៃមន្ទីរចំណុះឱ្យគណៈកម្មាធិការ គណបក្សរាជធានីភ្នំពេញ ស២៦ ស២៧ នៅមន្ទីរបក្សរាជធានីភ្នំពេញ។
គូសបញ្ជាក់ថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ២១ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ខណៈថ្ងៃបោះឆ្នោតនឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ដោយមានគណបក្សនយោបាយចំនួន១៨ ចូលរួមប្រកូតប្រជែងដណ្តើមសន្លឹកឆ្នោត៕