ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញដល់ពលរដ្ឋឲ្យបង្កើតនៅគណនីតេឡេក្រាម Twitter និង tik tok ដើម្បីបានភ្ជាប់ទំនាក់ទំនងជាមួយនឹងនាយករដ្ឋមន្ត្រីបន្ទាប់ពីសម្ដេចឈប់ប្រើប្រាស់ហ្វេសប៊ុក។
សម្ដេចតេជោបានបង្ហោះនៅលើ Channel Telegram របស់សម្ដេចកាលពីយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ ថា បន្ទាប់ពីឈប់ប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកពេលនេះសម្ដេចបានងាកទៅប្រើ telegram twitter និង TikTok ជំនួសវិញ ដោយបើកឲ្យពលរដ្ឋចូលមានមតិបានគ្រប់បណ្តាញទាំងនេះ។ សម្ដេចជំរុញដល់ពលរដ្ឋដើម្បីទទួលបានព័ត៌មានពីសម្ដេច ផ្តល់មតិឲ្យ ឬស្នើសុំឲ្យសម្ដេចជួយ សូមបង្កើតគណនីទាំងនេះប្រសិនមិនទាន់មាននិងសូមភ្ជាប់ជាមួយបណ្តាញទាំង៣ ខាងលើ។
សម្ដេចថា៖ «បើទោះជាខ្ញុំបោះបង់ចោលហ្វេសបុកតែខ្ញុំនៅតែមានលទ្ធភាពទទួលយោបល់និងសំណូមពរប្រជាជនបានកាន់តែទូលំទូលាយជាងមុនតាមរយៈបណ្តាញសង្គមទាំង៣នេះ»។
ជាមួយគ្នានេះសម្ដេចបានស្នើដល់គ្រប់ស្ថាបន័ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលធ្លាប់មានក្រុមតាមដានផេក ហ្វេកបុករបស់សម្ដេចទៅតាមដានគណនី Telegram twitter TikTok របស់សម្ដេចវិញ ព្រោះមតិប្រជាជនមាននៅតាមបណ្តាញទាំង៣នេះ៕