មន្ទីរវប្បធម៌ខេត្តព្រះវិហារ ច្រានចោលករណីដែលថា រូបចម្លាក់នៅជញ្ជាំងតំបន់ប្រាសាទព្រះខ័នត្រូវបានបំផ្លិចបំផ្លាញថ្មីៗនេះ
ព្រះវិហារ៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ បានបំភ្លឺថារូបចម្លាក់នៅលើជញ្ចាំងប្រាសាទបន្ទាយក្នុង នៅក្នុងតំបន់ប្រាសាទបាកាន ឬព្រះខ័នកំពង់ស្វាយដែលត្រូវបានគេបំផ្លិចបំផ្លាញនោះ គឺមិនមែនទើបតែកើតឡើងថ្មីៗនោះទេ ពោលត្រូវបានគេដាប់បំផ្លាញតាំងពីទស្សវត្សទី៩០ មកម្ល៉េះ។
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ បានបដិសេធថាមិនមានការបំផ្លិចបំផ្លាញរូបចម្លាក់ដូចដែលម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sisowath Sithiden បង្ហោះ និងអ្នកសារព័ត៌មានផ្សេងៗបង្ហោះនោះទេ។
មន្ទីរវប្បធម៌ខេត្តបានអះអាងថា បច្ចុប្បន្ននេះតំបន់ប្រាសាទបាកាន ឬព្រះខ័ន ដែលស្ថិតនៅកក្នុងភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ត្រូវបានទទួលបានការគាំពារ និអភិរក្សដោយមានកម្លាំងអភិរក្ស និងប៉ូលីសបេតិកភណ្ឌដែលឈរជើងប្រចាំការនៅទីនោះមិនក្រោម ៣០នាក់ឡើយ៕