ភ្នំពេញ៖ អ្នកសារព័ត៌មានបរទេសនៃអង្គភាពសារព័ត៌មាន EAC News នៅកម្ពុជា លោក Anthony Ellis បានចូលរួមក្នុងការតេស្តទឹកខ្មៅលាងមិនជ្រះសម្រាប់ជ្រលក់ដៃ ប្រើប្រាស់ក្នុងថ្ងៃបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
ការសាកល្បងតេស្តគុណភាពទឹកខ្មៅលុបមិនជ្រះនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការបង្ហាញទឹកខ្មៅលាងមិនជ្រះសម្រាប់ប្រើប្រាស់ក្នុងថ្ងៃបោះឆ្នោត នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ រៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
អ្នករាយការណ៍ព័ត៌មានជាភាសាអង់គ្លេសប្រចាំអង្គភាពសារព័ត៌មាន EAC News លោក Anthony បានឱ្យដឹងថានេះ ជាបទពិសោធន៍ដ៏អស្ចារ្យមួយ ដែលផ្តល់ឱ្យលោកនូវឱកាសដ៏មានតម្លៃដើម្បីយល់ដឹងអំពីប្រព័ន្ធបោះឆ្នោតរបស់កម្ពុជា។
លោកបានបញ្ជាក់ថា ទឹកថ្នាំជ្រលក់ដៃដែល គ.ជ.ប បានដាក់ឱ្យសាកល្បងនេះ មានគុណភាពល្អ ហើយអាចជាប់លើដៃបានយ៉ាងល្អ ដែលប្រាកដជាអាចយកប្រើប្រាស់បានសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នាពេលខាងមុខនេះ។
លោក Anthony បានលើកឡើងថា សម្រាប់ការដែលអាចលាងជំរះទឹកខ្មៅជាប់ដៃនេះ ភាគច្រើនអាស្រ័យលើផលិតផលលាងសម្អាត ប៉ុន្តែលោកមានជំនឿថាប្រជាជនខ្មែរចង់រក្សាទុកទឹកខ្មៅជាប់ដៃនេះជាង ដើម្បីបង្ហាញពីកាតព្វកិច្ចសម្រាប់ប្រទេសជាតិ និងគណបក្សដែលខ្លួនគាំទ្រ។
លោកថា៖ «ខ្ញុំជឿថា ប្រជាជនកម្ពុជាជាច្រើនចង់រក្សាទឹកខ្មៅនៅលើម្រាមដៃរបស់ពួកគេ ខ្ញុំគិតថាវាផ្តល់ឱ្យអ្នកនូវអារម្មណ៍មោទនភាពដែលអ្នកបានបោះឆ្នោតឱ្យប្រទេស និងគណបក្សរបស់អ្នក»។
គួរឱ្យដឹងដែរថា រាជរដ្ឋាភិបាល តាមរយៈគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំណាយថវិកាចំនួន ៩១ម៉ឺនដុល្លារទិញទឹកថ្នាំជ្រលក់ដៃលាងមិនជ្រះសម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ប្រាជ្ញ ចន្ទ បានបញ្ជាក់នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការបង្ហាញទឹកខ្មៅលាងមិនជ្រះសម្រាប់ប្រើប្រាស់ក្នុងថ្ងៃបោះឆ្នោត នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ថា រាជរដ្ឋាភិបាលបានបញ្ជាទិញទឹកខ្មៅលាងមិនជ្រះចំនួន៥ម៉ឺន២ពាន់ដបពីប្រទេសឥណ្ឌា ដោយក្នុងមួយដបមានចំណុះ ៧០មីលីលីត្រមានតម្លៃ ១៧,៦៣ដុល្លារ៕