សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចផ្តល់ក្របខណ្ឌដល់សាច់ញាតិបង្កើតរបស់យោធិនពលីទាំង ២០នាក់ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅយោធភូមិភាគទី៣ | ឃាត់ខ្លួនមនុស្សជាង៤០០នាក់ ពាក់ព័ន្ធនឹងបទល្មើសនានាក្នុងសប្តាហ៍កន្លងទៅនេះ | រមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ ទទួលបានភ្ញៀវទេសចរជាង៣ម៉ឺននាក់ | ៤ខែដើមឆ្នាំ២០២៤ កម្ពុជាលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរបានជាង២០លានដុល្លារ |

ច្បាប់ស្ដីពីបរិស្ថាននិងធនធានធម្មជាតិត្រូវបានដាក់ឱ្យប្រើប្រាស់ផ្លូវការ

ភ្នំពេញ៖ ព្រះមហាក្សត្រចេញព្រះរាជក្រមនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ ប្រកាសឲ្យប្រើប្រកាសឱ្យប្រើក្រមបរិស្ថាននិងធនធានធម្មជាតិ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ ដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នាសម័យប្រជុំពេញអង្គលើកទី១០ នីតិកាលទី៤។

ក្រមនេះមានគោលបំណង កំណត់អំពីវិធានទាំងឡាយដែលត្រូវគោរពនឹងប្រតិបត្តិតាមក្នុងការពង្រឹង ធ្វើទំនើបកម្ម ធ្វើឱ្យមាន សង្គតិភាព និងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងលើកិច្ចគាំពារបរិស្ថាន ការអភិរក្ស និងស្តារឡើងវិញនូវ ធនធានធម្មជាតិ ជីវៈចម្រុះ មុខងារប្រព័ន្ធអេកូឡូស៊ី ដើម្បីការរស់នៅនិងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។

ទន្ទឹមនោះដែរ ក្រមនេះមានវិសាលភាពអនុវត្តលើ រាល់សកម្មភាពទាំងឡាយណាដែលពាក់ព័ន្ធនឹងបរិស្ថាន ធនធានធម្មជាតិ និងបេតិកភណ្ឌនៅកម្ពុជា និងរាល់សកម្មភាពរបស់បុគ្គលដែលធ្វើប្រតិបត្តិការទាំងក្នុងនិងក្រៅព្រះរាជាណាចក្រកម្ពុជា ដែលបង្ក ផលប៉ះពាល់ឬជះឥទ្ធិពលទៅលើបរិស្ថាន ធនធានធម្មជាតិ និងបេតិកភណ្ឌនៃកម្ពុជា។

គួរឱ្យដឹងដែរថា  រដ្ឋសភាអនុម័តដោយសំឡេងគាំទ្រជាឯកច្ឆន្ទ លើសេចក្ដីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ នាសម័យប្រជុំលើកទី៩ នីតិកាលទី៦ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងដោយមានវត្តមាន សមាជិកសមាជិកា រដ្ឋសភា ចូលរួមចំនួន ១០០រូប។

សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ ត្រូវបានតាក់តែងឡើង ដោយផ្អែកលើគោលការណ៍សំខាន់ៗ គឺលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ ត្រូវបានធ្វើសមាហរណកម្ម សុខដុមនីយកម្ម និងធ្វើទំនើបកម្ម ឱ្យឆ្លើយតបនឹងនិន្នាការវិវត្តន៍នៃសង្គម។

សេចក្តីព្រាងក្រមនេះ នឹងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវភាពខ្វះចន្លោះ ភាពមិនច្បាស់លាស់ ឬភាពហួសសម័យនៃបទប្បញ្ញត្តិច្បាប់មួយចំនួន ដោយសារភាពស្មុគស្មាញ និងការវិវត្តយ៉ាងលឿនផ្នែកបច្ចេកទេសបរិស្ថាន ការដោះស្រាយបញ្ហាដែលមានដែនសមត្ថកិច្ចត្រួតគ្នា និងធ្វើឱ្យប្រសើរឡើងនូវកិច្ចសម្របសម្រួលរវាងអ្នកពាក់ព័ន្ធទាំងអស់ក្នុងការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពការងារអភិរក្ស និងអភិវឌ្ឍន៍នៅកម្ពុជា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក