ឯកអគ្គរដ្ឋទូតអាមេរិកចប់អាណត្តិទទួលបានគ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសិរីវឌ្ឍន៍ ពីនាយករដ្ឋមន្ត្រី | ឯកអគ្គរដ្ឋទូតអាមេរិកថាក្រោមការដឹកនាំរបស់សម្ដេចធិបតីទំនាក់ទំនងកម្ពុជា-អាមេរិកបង្ហាញសញ្ញាវិជ្ជមានកាន់តែច្រើន | ឯកអគ្គរាជទូតកាតាចង់ដឹកនាំអ្នកវិនិយោគកាតាមកស្វែងយល់ពីសក្ដានុពលកម្ពុជា | ទូតកាតាជូនបាល់ World Cup ដល់សម្ដេចតេជោ |

សូមប្រុងប្រយ័ត្នចំពោះការផ្តល់កម្ចីងាយៗដែលធ្វើឱ្យធ្លាក់ក្នុងអន្ទាក់បំណុលវ័ណ្ឌក

ភ្នំពេញ៖ នាយកដ្ឋានកណ្តាលសន្តិសុខ បានដាស់តឿនពលរដ្ឋកុំស្នើសុំកម្ចីដែលគ្មានប្រភពច្បាស់លាស់ត្រឹមត្រូវ ពីព្រោះវាងាយនឹងធ្វើឱ្យធ្លាក់ក្នុងអន្ទាក់បំណុលវ័ណ្ឌកជាក់ជាពុំខាន។

មានពលរដ្ឋមួយចំនួនរងគ្រោះដោយសារជនទាំងនោះ ហើយបានរាយការណ៍មកសមត្ថកិច្ចដោយជនទាំងនោះធ្វើជាផ្តល់កម្ចីក្រោមរូបភាពចុះផ្សព្វផ្សាយតាមផ្ទះ តូបលក់ដូរ ដើរចែក និងដាក់ខិតប័ណ្ណតាមយានយន្ត ទ្វារ ឬរបងផ្ទះ និងការបង្ហោះអនឡាញជាដើម។

នាយកដ្ឋានកណ្តាលសន្តិសុខបានអះអាងថា ពួកគេទាំងនោះផ្តល់កម្ចីខុសច្បាប់ដែលធ្វើឡើងដោយក្រុមហ៊ុន ឬក្រុមអ្នករស៊ីចងការដែលគ្មានច្បាប់អនុញ្ញាត។

ពលរដ្ឋត្រូវកត់សម្គាល់សញ្ញាណទាំងប៉ុន្មាននេះ ដែលបញ្ជាក់ថាពួកគេជាអ្នករកស៊ីចងការប្រាក់ដោយខុសច្បាប់ គឺក្រុមនេះមិនមានទីតាំងច្បាស់លាស់ ព្យាយាមលាក់បាំងអាសយដ្ឋាន គ្មានការពិនិត្យប្រវត្តិឥណទាន ឬវាយតម្លៃលទ្ធភាពសងត្រឡប់ មានការកាត់ប្រាក់ជាមុន ដោយថាជាសេវាផ្សេងៗ (ខ្ចី ១០០$ បានតែ ៨០$ ឬ ទទួលបានប្រាក់ ៨០$ តែធ្វើលិខិតខ្ចី ១០០$) ទាមទារដាក់សម្គាល់ត្រឹមឯកសារដើម អត្តសញ្ញាណប័ណ្ណ ឬសៀវភៅគ្រួសារ ការតម្រូវឲ្យថតរូបទុកជាភស្តុតាង ឬការសរសេរសែក។

បើកាលណាពលរដ្ឋជាប់អន្ទាក់បំណុលពីម្ចាស់កម្ចីខុសច្បាប់ទាំងនេះ នឹងនាំឱ្យពលរដ្ឋជួបបញ្ហាប្រឈមដូចជា ជំពាក់បំណុលវ័ណ្ឌក (ម្ចាស់បំណុលនឹងណែនាំឱ្យខ្ចីបំណុលថ្មីបន្ថែមទៀត) ទទួលរងពិន័យឱ្យបង់ប្រាក់មិនសមហេតុផល ការគំរាមកំហែង កៀបសង្កត់ បង្ខិតបង្ខំឲ្យសងប្រាក់ និងការរឹបអូសនានាដោយគ្មានការអនុវត្តនីតិវិធីតុលាការ។

ដើម្បីចៀសវាងនូវបញ្ហានេះ នាយកដ្ឋានកណ្ដាលសន្តិសុខណែនាំពលរដ្ឋស្នើសុំកម្ចីពីគ្រឹះស្ថាន ឬស្ថាប័នដែលមានទីតាំងច្បាស់លាស់ និងមានច្បាប់អនុញ្ញាតត្រឹមត្រូវ។ ពលរដ្ឋមិនត្រូវផ្ដល់ព័ត៌មានផ្តាល់ខ្លួន ព័ត៌មានធនាគារ ឬឯកសារច្បាប់ដើម របស់អ្នក ក្រុមគ្រួសារ សាច់ញាតិ ឬមិត្តភក្តិ ទៅឲ្យអ្នកដទៃដែលមិនស្គាល់ច្បាប់លាស់នោះឡើយ។

ប្រសិនបើអ្នករងគ្រោះដោយករណីកម្ចីខុសច្បាប់ សូមទំនាក់ទំនងលេខទូរស័ព្ទ 023 72 68 22 (នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department)។

ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ដល់ការផ្តល់ឥណទានខុសច្បាប់ និងការផ្សព្វផ្សាយនានាតាមគ្រប់រូបភាពពាក់ព័ន្ធនឹងការផ្តល់សេវាហិរញ្ញុវត្ថុដោយគ្មានច្បាប់អនុញ្ញាត។ 

ដើម្បីឱ្យអាជ្ញាធរពាក់ព័ន្ធអាចចាត់វិធានការផ្លូវច្បាប់ទាន់ពេលវេលា សូមប្រជាពលរដ្ឋដែលមានព័ត៌មានពាក់ព័ន្ធនឹងសកម្មភាពផ្តល់ឥណទានខុសច្បាប់រាយការណ៍មក ធនាគារជាតិនៃកម្ពុជា តាមរយៈលេខទូរស័ព្ទចំនួន ៥ ខ្សែ៖ ០៨៥ ៦០០ ០០២, ០៨៥ ៦០០ ០០៣, ០៩៨ ២២០ ០០១, ០៩៨ ២២០ ០០២ និង ០៩៧ ២៧៨ ៣០៣០៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក