មន្រ្តីជំនាញ ក.ប.ប. បន្តវិភាគរកសារធាតុមេតាណុលក្នុងស្រាដែលមនុស្សស្លាប់ជាច្រើននាក់នៅខេត្តរតន:គីរី
ខេត្តរតនៈគិរី៖ មន្ត្រីសាខា ក.ប.ប. ខេត្តរតនៈគិរី និងមន្ត្រីជំនាញមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានក.ប.ប. កំពុងបន្តតាមដាន និងវិភាគរកសារធាតុមេតាណុលនៅក្នុងផលិតផលស្រា ដែលមានលក់ និងចែកចាយក្នុងខេត្តរតនៈគិរី។
អគ្គនាយដ្ឋានក.ប.ប.ប. បានចាត់បញ្ជូនមន្រ្តីជំនាញមន្ទីរពិសោធន៍ទៅខេត្តរតនគិរី កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីចូលរួមសហការជាមួយសាខា ក.ប.ប. រួមជាមួយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី ដើម្បីស្វែងរកមូលហេតុ ដែលបណ្តាលឱ្យមនុស្សស្លាប់ជាច្រើននាក់នៅខេត្តរតន:គីរី។
នៅក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញ ក.ប.ប. បានប្រមូលសំណាកគំរូចំនួន៨៦ និងបានធ្វើវិភាគបឋមដោយប្រើប្រាស់ឧបករណ៍ Methanol Analyzer និងបានរកឃើញថា មានសំណាកគំរូចំនួន៤ ក្នុងចំណោម ៤៩គំរូផ្សេងគ្នាដែលបានវិភាគរួច មានផ្ទុកសារធាតុមេតាណុលក្នុងកម្រិតខ្ពស់ ជាហេតុអាចបណ្តាលឱ្យពុលស្លាប់បាន។ សំណាកគំរូស្រាទាំងនោះ ក៏ត្រូវបានបញ្ជូនមកមន្ទីរពិសោធន៍នៅទីស្នាក់ការកណ្ដាលនៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីវិភាគបញ្ជាក់បន្ត។
ទន្ទឹមនោះ មន្ត្រីជំនាញក.ប.ប. បានសហការស្រាវជ្រាវតាមដាន និងប្រមូលយកសំណាកគំរូស្រាពីបណ្ដាស្រុកផ្សេងៗទៀតនៅក្នុងខេត្ត ដើម្បីវិភាគបន្ត។
គួរឱ្យដឹងដែរថា មនុស្សប្រមាណ ១០នាក់ ក្នុងនោះមានកម្មករចម្ការចេករបស់ក្រុមហ៊ុនហ័ងអាញ អណ្ដូងមាសដែលស្ថិតនៅភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី ចំនួន ៥នាក់បានស្លាប់ជាបន្តបន្ទាប់ដោយសារករណីពុលស្រា ដែលស្រានោះបានទិញនៅកន្លែងលក់ស្រាក្បែរក្រុមហ៊ុន។
មន្ទីរសុខាភិបាលខេត្តបានចុះទៅស្រាវជ្រាវ ដោយបានដឹងថា មុនពេលស្លាប់ ជនរងគ្រោះមានសភាពធ្ងន់ធ្ងរ សន្លប់ ប្រកាច់ ក្អួត ហត់អស់កម្លាំង ស្រវាំងភ្នែក ចុកពោះ ខណៈជនរងគ្រោះតែងតែទទួលទានស្រាជាប្រចាំ ហើយគ្មានប្រវត្តិជំងឺប្រចាំកាយទេ ហើយក្រោយពីជនរងគ្រោះមានរោគសញ្ញាចន្លោះពី៤ ទៅ ៦ម៉ោង ក៏បណ្តាលឱ្យស្លាប់ជាបន្តបន្ទាប់គ្នាតែម្តង៕