ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

បទយកការណ៍៖ គណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសកាន់ជឿនលឿនពលរដ្ឋកាន់តែជឿទុកចិត្ត

ភ្នំពេញ៖ លោក ឡុង ឡាង អាយុ ៧៩ឆ្នាំ «តាំងពីខ្ញុំដឹងក្ដីមកជាពិសេសឃុំទួលព្រេចនេះតែម្ដងឃើញថាពីមុនការអភិវឌ្ឍន៍អត់មានចឹងទេ! មានតែផ្លូវលំ ផ្លូវដី ផ្លូវរទេះ ដល់ឥឡូវនេះមានការអភិវឌ្ឍន៍ខ្លាំងណាស់! ខ្លាំងយ៉ាងមិច ឃើញថាឥឡូវមានផ្លូវកៅស៊ូខ្វាត់ខ្វែង»។ លោក ជួម ថុន អាយុ ៤៤ឆ្នាំ «កត្តាទី១ គឺមានសន្ដិភាព មានសន្ដិភាពគឺមានឱកាសធ្វើការ មានឱកាសប្រកបកិច្ចការសព្វបែបយ៉ាង មានឱកាសឱ្យកូនបានសិក្សាបានខ្ពង់ខ្ពស់បំបាត់នូវភាពមិនមានចំណេះដឹង»


នាយករងសាលាបឋមសិក្សាអោងការ លោក ឃិន ថន «ពីមុនសិស្សអត់បានមករៀនអត់បានដល់ឥឡូវទេ។ វាដូចថាពិបាកពេកជួនកាលដោយសារម៉ែឪអត់បានយល់ដឹងខ្លះផងអីផង មើលឃើញសាលាវាពិបាកអីចឹងទៅក៏គេអត់ឱ្យកូនមករៀន។ ដល់ពេលឥឡូវនេះផ្លូវក៏ស្រួលហើយសាលាក៏ស្អាតអ៊ីចឹងគេបានបញ្ជូនគេឱ្យមករៀនបានច្រើន» ទាំងនេះគឺជាមតិយោបល់របស់ពលរដ្ឋមួយចំនួនដែលរស់នៅឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល ដែលបានថ្លែងពីការពេញចិត្តចំពោះការដឹកនាំរបស់គណបក្សប្រជាជនដែលបាននាំឱ្យឃុំរបស់ពួកគេទទួលបានការអភិវឌ្ឍន៍ជាច្រើន។ លោក ឡុង ឡាង អាយុ ៧៩ឆ្នាំ ដែលបានឆ្លងកាត់ ៤សម័យ សង្គមរាស្ត្រនិយម សាធារណរដ្ឋខ្មែរ ខ្មែរក្រហម និងកម្ពុជាពីឆ្នាំ១៩៧៩ ដល់បច្ចុប្បន្ន បានថ្លែងថាគណបក្សប្រជាជនជាអ្នកផ្ដល់នូវកំណើតទី២ដល់រូបលោក ហើយបានដឹកនាំប្រទេសកម្ពុជាពីកម្ទេចផេះផង់ឱ្យទៅជាប្រទេសមួយដែលមានការអភិវឌ្ឍន៍ជាទីមោទន។


លោក ឡុង ឡាង មានកូន ៦នាក់ នឹងមានលទ្ធភាពបញ្ជូនទៅសិក្សាដោយជោគជ័យ ថែមទាំងមានកូនម្នាក់បានទៅរៀននៅប្រទេសអូស្ត្រាលីថែមទៀត។ លោកយល់ថានយោបាយរបស់គណបក្សប្រជាជនកម្ពុជាដែលបាននាំមកសន្ដិភាពដល់ប្រទេសបាននាំឱ្យកម្ពុជាមានការអភិវឌ្ឍន៍ និងប្រជាពលរដ្ឋអាចមានលទ្ធភាពទទួលបានការរីកចំរើននិងមានបានផងដែរ។ លោកថា «សន្ដិភាពនេះហើយបានកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ បើអត់មានសន្ដិភាពប្រជាពលរដ្ឋពិបាករស់នៅណាស់! ពិបាកយ៉ាងមិចព្រោះត្រូវគិតពីរឿងសន្ដិសុខខ្លួនឯងផ្ទាល់ គិតពីរឿងជីវភាពខ្លួនឯងផ្ទាល់។ ដល់ពេលនេះមានសន្ដិភាពអ៊ីចឹង ជីវភាពក៏ធូរធារ អសន្ដិសុខក៏អត់មានដូច្នេះការអភិវឌ្ឍន៍នៃជីវភាពរស់នៅរបស់គ្រួសារខ្លួនឯងផ្ទាល់ៗកាន់តែវិវត្តន៍ទៅមុខ។ បណ្ដុះបណ្ដាលក្មេងជំនាន់ក្រោយទៅសាលារៀនមានចំណេះដឹងទៅ ហើយឪពុកម្ដាយក៏មានធនធានបញ្ជូនកូនទៅថែមទៀត ឱ្យទុនទៅកូនរៀននៅរាជធានីទៀតណាក្មួយ»។ លោក ជួម ថុន អាយុ ៤៤ឆ្នាំ ជាកម្មកររោងចក្រ និងឆ្លៀតពេលរត់ឡានដឹកកម្មករផងនោះបានលើកឡើងថា ក្នុងរយៈពេលជាង ៤០ឆ្នាំមកនេះសន្ដិភាពបាននាំមកឱ្យកម្ពុជានូវការអភិវឌ្ឍន៍និងការរីកចម្រើនជាច្រើន។


លោកថា «ស្រុកមានសន្ដិភាពពេញលេញឃើញមានការអភិវឌ្ឍន៍ពិសេសសម័យបច្ចុប្បន្នគ្រប់ហេដ្ឋារចនាសម្ព័ន្ធនៅឃុំទួលព្រេជរបស់ខ្ញុំដែលខ្ញុំបានឃើញជាក់ស្ដែងគឺមានការអភិវឌ្ឍន៍ផ្លូវកៅស៊ូសឹងគ្រប់កន្លែងទាំងអស់ ហើយជីវភាពកម្មកររបស់យើងក៏បានធូរធាប្រសើរជាងមុនដែរ»

អស់រយៈពេលជាង ៣ទស្សវត្សដែលកម្ពុជាបានញាំញីដោយភ្លើងសង្គ្រាម ប្រទេសជាតិមានការបែកបាក់ ប្រយុទ្ធគ្នា សំឡេងគ្រាប់ផ្លោង ការបាញ់បោះ បានបង្អាក់ដំណើរការអភិវឌ្ឍន៍របស់ប្រទេសឱ្យដើរថយក្រោយ។ ភាពបែកបាក់នេះបានបញ្ចប់នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ បន្ទាប់ពីអង្គចាត់តាំងខ្មែរក្រហមត្រូវបានរំលាយទាំងស្រុងតាមរយៈនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន។

ថ្លែងក្នុងពិធីខួបលើកទី៤៦ នៃទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅក្រសួងការពារជាតិ ព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថាប្រវត្តិនៃការបង្កើត និងដឹកនាំរបស់សម្ដេចតេជោក្នុងការរំលាយខ្មែរក្រហមគឺជាប្រវត្តិសាស្ត្រពិតរបស់កម្ពុជាដែលមិនអាចបំភ្លៃបាន។

សម្ដេចថា «រឿងរ៉ាវនៃប្រវត្តិការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការកម្ទេចខ្មែរក្រហមមិនត្រឹមតែជាប្រវត្តិសាស្ត្រផ្ទាល់ខ្លួនទេ គឺជាប្រវត្តិសាស្ត្រជាតិដែលមិនត្រូវអាចបំភ្លេចឡើយ»

កម្ពុជាបច្ចុប្បន្នបានក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាបដែលបានផ្ដល់ឋានៈដោយធនាគារពិភពលោកក្នុងឆ្នាំ២០១៦ ខណៈត្រូវបានព្យាករថានឹងក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ ខាងមុខផងដែរ។

របាយការណ៍របស់ធនគារពិភពលោកចេញកាលពីខែសីហា ឆ្នាំ២០១៦ បានលើកឡើងថាកម្ពុជាបានកាត់បន្ថយភាពក្រីក្រពី ៥៣% នៅឆ្នាំ២០០៤ មក ២០,៥% នៅឆ្នាំ២០១១ ដែលលើសពីការរំពឹងទុកនិង «លើសយ៉ាងច្រើនពីចំណុចដៅភាពក្រីក្រនៃគោលដៅអភិវឌ្ឍន៍ប្រចាំសហស្សវត្សរ៍របស់កម្ពុជា»។

របាយការណ៍នោះបានបន្ថែមថា «ក្នុងចំណោម ៦៩ប្រទេស ដែលមានទិន្នន័យអាចប្រៀបធៀបគ្នាបាន ពីឆ្នាំ ២០០៤ ដល់ឆ្នាំ២០០៨ កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ទីបួនលើការកាត់បន្ថយភាពក្រីក្រលឿនបំផុតក្នុងពិភពលោក»

ការវាយតម្លៃពីកម្រិតប្រាក់ចំណូលត្រូវចែកជា៤ គឺប្រទេសដែលមានប្រាក់ចំណូលកម្រិតទាបគឺពលរដ្ឋរកចំណូលបានតិចជាង ១ ០២៦ដុល្លារក្នុងមួយឆ្នាំ ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាបគឺពលរដ្ឋរកប្រាក់ចំណូលប្រចាំឆ្នាំពី ១ ០២៦ ដល់ ៤ ០៣៥ដុល្លារ ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់គឺពលរដ្ឋអាចរកប្រាក់ចំណូលបានចាប់ពី ៤ ០៣៦ដុល្លារ ដល់ ១២ ៤៧៥ដុល្លារក្នុងមួយឆ្នាំ។ ដោយឡែកប្រទេសដែលមានប្រាក់ចំណូលខ្ពស់គឺពលរដ្ឋមានប្រាក់ចំណូលខ្ពស់ជាង ១២ ៤៧៦ដុល្លារ ក្នុងមួយឆ្នាំ។

ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាថែមទាំងមានគោលដៅក្នុងការធ្វើឱ្យប្រទេសក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ទៀតផង។

រដ្ឋមន្ត្រីការងារលោក អ៊ិត សំហេង បានថ្លែងថា សេដ្ឋកិច្ចកម្ពុជាបានកើនឡើងជាមធ្យម៧ភាគរយជាង២ទស្សវត្សលើកលែងតែក្នុងដំណាក់កាលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ប៉ុណ្ណោះ តែទោះជាយ៉ាងណាស្ថានភាពទីផ្សារកម្ពុជានៅតែខ្ពស់ដែលអាចរកការងារជូនពលរដ្ឋបានដល់ ៩៩,៣% នៃកម្លាំងធ្វើការសរុប ១០,៨លាននាក់។ លោកបន្ថែមថាបច្ចុប្បន្នសហគ្រាសគ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធដែលបានចុះបញ្ជីនៅក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈមាន ១ម៉ឺន ៧ពាន់ ២៥៦គ្រឹះស្ថាន ដែលមានកម្មករនិយោជិកចំនួន ១លាន ៥សែននាក់។

លោកថា៖ «បើយើងពិនិត្យនៅឆ្នាំ១៩៩៧ រោងចក្រសហគ្រាសក្នុងវិស័យកាត់ដេរមានត្រឹមតែ៦៤ កម្មករនិយោជិកមាន ៨ម៉ឺននាក់ឯតម្លៃនៃការនាំចេញមានត្រឹម ២២៧លានដុល្លារអាមេរិកប៉ុណ្ណោះ។ តែនៅឆ្នាំ២០២៣ រោងចក្រនៃវិស័យកាត់ដេរកើនដល់ ១ ៣២៦ កម្មករនិយោគជិក ៨៤ម៉ឺននាក់ឯតម្លៃនៃការនាំចេញមានដល់ ១៣ពាន់លានដុល្លាអាមេរិក»

ការផ្លាស់ប្ដូរក្នុងរយៈពេល៤៤ឆ្នាំមកនេះបានធ្វើឱ្យកម្ពុជាកា្លយជាប្រទេសមួយដែលធ្លាប់ជាទឹកដីសង្គ្រាមនឹងការបែកបាក់ ពីការពឹងផ្អែកលើបរទេសមកជាប្រទេសដែលឯករាជ្យមួយដ៏រឹងមាំមួយក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្រោមការដឹកនាំជាង ៤០ឆ្នាំមកនេះកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានបោះជំហានយ៉ាងរឹងមាំ និងការពារសន្ដិសុខជាតិកាន់តែមាំមួន និងនាំមកនូវការអភិវឌ្ឍន៍ជាតិយ៉ាងច្រើន។

អភិបាលខេត្តកំពង់ស្ពឺដែលជាខេត្តទទួលបានអ្នកវិនិយោគបើករោងចក្រច្រើននៅកម្ពុជាទី២ បន្ទាប់ពីភ្នំពេញ លោក វ៉ី សំណាង បានថ្លែងថាពីមុនខេត្តកំពង់ស្ពឺគឺគ្រាន់តែជាខេត្តមួយដែលធ្វើកសិកម្មស្រែចម្ការប៉ុណ្ណោះ ហើយចំណូលពលរដ្ឋក្នុងខេត្តក៏មិនគ្រប់គ្រាន់ផងដែរ ខណៈដែលបច្ចុប្បន្នខេត្តនេះមិនត្រឹមតែផ្ដល់ការងារគ្រប់គ្រាន់ដល់ពលរដ្ឋក្នុងខេត្តទេថែមទាំងទាក់ទាញពលរដ្ឋពីខេត្តផ្សេងមកធ្វើការនៅក្នុងខេត្តនេះបន្ថែមទៀត។

លោកថាសមិទ្ធិផលទាំងនេះបានមកពីគោលនយោបាយត្រឹមត្រូវរបស់រដ្ឋាភិបាល និងការការពារសន្ដិភាព សន្ដិសុខ បានរឹងមាំរបស់រដ្ឋាភិបាលកម្ពុជា។

លោកថា៖ «ក្រោមនយោបាយឈ្នះឈ្នះៗនេះបានធ្វើឱ្យប្រទេសយើងទាំងមូលជាពិសេសក្របខណ្ឌខេត្តកំពង់ស្ពឺប្រែក្លាយជាសមរភូមិប្រយុទ្ធដោយចុងអាវុធទៅជាខេត្តដែលមានសក្ដានុពល»

លោកបន្ថែមថា៖ «គាត់ (អ្នកវិនិយោគ) មានជំនឿជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជន និយាយឱ្យដាច់គឺគាត់មានជំនឿជឿជាក់លើគណបក្សប្រជាជនអ៊ីចឹងគាត់ច្បាស់រឿងនេះហើយគាត់អត់ខ្វល់ថាប្រទេសនឹងកើតសង្គ្រាមទេ។ អ៊ីចឹងគាត់នឹងមកវិនិយោគនៅទីនេះ»

មុនយុទ្ធនាការឃោសនាបោះឆ្នោតនាយករដ្ឋមន្ត្រីបានចំណាយពេលចុះជួបកម្មករនិយោជិកទូទាំងប្រទេសចំនួន ១៩កម្មវិធី ដែលក្នុងមួយកម្មវិធីមានកម្មករចូលរួមជិត ២ម៉ឺននាក់ដោយគ្មានការបារម្ភពីការឆ្លងរាលដាលពីជំងឺកូវីដ-១៩។ នេះក៏បានបង្ហាញពីភាពជោគជ័យនៃយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ របស់កម្ពុជាដែលបានធ្វើចាប់តាំងពីឆ្នាំ២០២០មក។

ក្នុងពេលជួបជាមួយកម្មករនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន តែងសួរថា តើមានកម្មករប៉ុន្មាននាក់ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩រួច? គ្រប់កម្មករបានលើកដៃដែលបញ្ជាក់ពីការបានបំពេញរួចរាល់នូវការចាក់វ៉ាក់សាំងការពារជំងឺឆ្លងដ៏កាចសាហាវនេះ។

ការចុះជូបកម្មករនិយោគជិតនេះបានទាក់ទាញទឹកចិត្តពីកម្មករជាច្រើនដែលយើងអាចឃើញតាមរយៈភាពជិតស្និតនៅនឹងកន្លែងផ្ទាល់ដែលនាយករដ្ឋមន្ត្រីបានទៅ។

កម្មការិនីនៅខេត្តស្វាយរៀងម្នាក់បានថ្លែងថាអ្នកស្រីពេញចិត្តចំពោះការដឹកនាំរបស់នាយករដ្ឋមន្ត្រីដែលបាននាំមកនូវការអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជា។

អ្នកស្រី កើត សេដ ថា៖ «ខ្ញុំយល់ថាមានសម្ដេចតេជោ ហ៊ុន សែន គឺមានការអភិវឌ្ឍធ្វើឱ្យរីកចម្រើនជាពិសេសខេត្តស្វាយរៀងទាក់ទងអ្នកវិនិយោគទុនដែលមានរោងចក្រធ្វើហ្នឹងបានធ្វើឱ្យប្រជាជននៅខេត្តស្វាយរៀងហ្នឹងមានការរីកចម្រើនច្រើន។ ផ្លូវថ្នល់ ជាពិសេសមានយានជំនះគ្រប់ផ្ទះល្អជាងមុនជាពិសេសគឺភ្លើងអាចប្រើពីទីក្រុងដល់ជនបទបានគ្រប់កន្លែង។ ខ្ញុំពេញចិត្តសម្ដេចពុកជាខ្លាំង»

កម្មការិនីម្នាក់ទៀតអ្នកស្រី សេង ស្រីទូ ក៏បានបង្ហាញចំណាប់អារម្មណ៍ចំពោះសម្ដេចតេជោដូចគ្នា។ អ្នកស្រីថា៖ «ខ្ញុំឃើញគាត់ដឹកនាំរីកចម្រើនសេដ្ឋកិច្ចមានការរីកចម្រើន មានការងារឱ្យប្រជាជនធ្វើគ្រប់ៗគ្នា»

នាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «មិនមែនជាការដើរឃោសនាទេក៏ប៉ុន្ដែក្មួយៗមានថ្ងៃនេះគ្មានបក្សដទៃណាមួយមកជំនួសគណបក្សប្រជាជនធ្វើទេ! ការកសាងសន្ដិភាពតាមរយៈនយោបាយឈ្នះឈ្នះ គឺអ៊ុនតាក់ប្រើលុយជាង ២ពាន់លានដុល្លារអត់អាចបញ្ចប់សង្គ្រាមនៅស្រុកខ្មែរបានទេ។ តែទីចុងបំផុតគឺខ្មែរគ្នាឯងដោះស្រាយតាមនយោបាយឈ្នះឈ្នះដែលពូបានដឹកនាំនយោបាយនេះ។ បង្កើតឱកាសសម្រាប់ការវិនិយោគក្នុងប្រទេសកម្ពុជា»

ប្រធានតំបន់សេដ្ឋកិច្ចពិសេស Manhatan ដែលជាតំបន់សេដ្ឋកិច្ចដំបូងគេនៅកម្ពុជាលោក Clement yang បានប្រាប់ EAC News ថាលោកទុកចិត្តក្នុងការរកស៊ីនៅកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន។

លោកថា៖ «ប៉ុន្តែតាមពិតកម្ពុជាមានអត្ថប្រយោជន៍ផ្សេងទៀតទាំងអស់ មិនត្រឹមតែអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធនោះទេ ប៉ុន្តែកម្ពុជាក៏មានការរួចពន្ធក្នុងការនាំចេញទៅប្រទេសក្នុងតំបន់អាស៊ានផងដែរ»

ទៅថ្ងៃខាងមុខលោក Yang នឹងនាំមកនូវឧស្សាហកម្មបច្ចកវិទ្យា និងបៃតងមកកាន់កម្ពុជាក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់លោកផងដែរ។

គណបក្សប្រជាជនត្រូវបានបង្កើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដើម្បីរំដោះជាតិចេញពីអាណានិគមនិយមបារាំង ក្នុងថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គណបក្សនេះបានវាយផ្ដួលរំលំខ្មែរក្រហមចេញពីអំណាចនឹងបានដឹកនាំកម្ពុជារហូតបច្ចុប្បន្នយ៉ាងរឹងមាំ។ ក្រៅពីទទួលការទុកចិត្តពីពលរដ្ឋក្នុងការដឹកនាំរដ្ឋហើយ ក្នុងក្របខណ្ឌគណបក្សនេះក៏បានបញ្ជូនក្រុមការងារចុះជួយដល់មូលដ្ឋាននានាទូទាំងប្រទេសផងដែរ។

ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទួលព្រេជ ស្រុកអង្គស្នូល ខេត្តកណ្ដាល លោក យុន ហេង បានលើកឡើងថាតាំងពីដើមរៀងមកគណបក្សប្រជាជនកម្ពុជាគឺជាគណបក្សមួយដែលរួមសុខទុក្ខជាមួយប្រជាពលរដ្ឋជានិច្ច ហើយលោកនិងក្រុមការងារគណបក្សទាំងអស់គឺពេញចិត្តនិងចូលរួមនឹងកិច្ចការនេះ ។

លោកថា៖ «យើងឃើញថាមានតែគណបក្សប្រជាជនយើងទេដែលរួមសុខទុក្ខជាមួយប្រជាពលរដ្ឋ ចូលរួមគ្រប់ដំណើរជាតិទាំងអស់គឺមានតែគណបក្សប្រជាជនមួយ។ […] សំណួរសួរថារហូតមកដល់ពេលនេះមានគណបក្សច្រើនណាស់តើមានគណបក្សណាមួយដែលយកចិត្តទុកដាក់បងប្អូនប្រជាពលរដ្ឋចាត់តាំងបងប្អូនមករួមសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋដូចគណបក្សប្រជាជនយើងគឺអត់មានទេ មានតែគណបក្សប្រជាជនមួយគត់»

លោកបន្ថែមថា៖ «អ្វីដែលយើងធ្វើថ្ងៃនេះមិនមែនត្រឹមតែដើម្បីពួកយើងទាំងអស់គ្នានៅទីនេះប៉ុហ្នឹងទេ ប៉ុន្ដែវាមានឥទ្ធិពលយ៉ាងពិតប្រាកដដល់កូនចៅជំនាន់ក្រោយរបស់យើង។ បើយើងចង់ចូលរួមក្នុងអភិវឌ្ឍន៍ប្រទេសជាតិជម្រើសដ៏ល្អបំផុតគឺគណបក្សប្រជាជននេះហើយ»

ថ្លែងក្នុងខួបអនុស្សាវរីយ៍លើកទី៧២ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧របស់គណបក្សប្រជាជនកម្ពុជា ប្រធានគណបក្ស សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះប្រជាពលរដ្ឋដែលបានជឿទុកចិត្ត និងគាំទ្រចំពោះការដឹកនាំគណបក្សប្រជាជនកម្ពុជាធ្វើឱ្យគណបក្សមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ចបម្រើជាតិនិងប្រជាជនប្រកបដោយជោគជ័យក្នុងរយៈពេល ៤៤ឆ្នាំកន្លងទៅនេះ។

សម្ដេចតេជោ ហ៊ុន សែន បានសន្យាថាគណបក្សនេះនឹងបន្តថែរក្សាការពារនិងកសាងមាតុភូមិកម្ពុជាឱ្យគង់វង្សឋិតថេរនឹងចម្រើនរុងរឿងតទៅមុខយូរអង្វែងទៀត និងសង្ឃឹមថាពលរដ្ឋនៅតែបន្តគាំទ្រគណបក្សដ៏មានវ័យចំណាស់មួយនេះនៅកម្ពុជាផងដែរ។

សម្ដេចបានលើកឡើងថា៖ «ខ្ញុំព្រះករុណាមានជំនឿថាបងប្អូនជនរួមជាតិដែលបានមើលឃើញជាក់ស្ដែងរួចហើយនូវការរីកចម្រើនរបស់ប្រទេសកម្ពុជានៅក្នុងសុខសន្ដិភាពឯករាជ្យ ឯកភាព អធិបតេយ្យ និងបូរណភាពទឹកដីពេញលេញដូចបច្ចុប្បន្ននេះនឹងបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជានិងខ្ញុំព្រះករុណាខ្ញុំសម្រាប់នីតិកាលទី៧ ជាបន្តទៀត»



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក