BREAKING NEWS៖ ព្រះមហាក្សត្រឡាយព្រះហស្តលេខាដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត
ភ្នំពេញ៖ ព្រះមហាក្សត្រទ្រង់បានឡាយព្រះហស្តលេខានាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ អនុម័តឱ្យប្រើប្រាស់ច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
ក្រុមប្រឹក្សាធម្មនុញ្ញបានបើកកិច្ចប្រជុំពេញអង្គនាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ ដោយបានសម្រេចជាឯកច្ឆន្ទលើច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតដោយទទួលស្គាល់ថា ច្បាប់បោះឆ្នោតថ្មីនេះគឺស្របនឹងរដ្ឋធម្មនុញ្ញ។
ក្នុងសេចក្តីព្រាងច្បាប់ ត្រង់មាត្រា ២៣ថ្មីបានចែងអ្នកដែលមិនទៅបោះឆ្នោតនឹងគ្មានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យឡើយ។ ត្រង់មាត្រា ១៤២ថ្មី បុគ្គលណាដែលរារាំងដល់ការបោះឆ្នោតនឹងត្រូវផាកពិន័យពី ៥លានរៀលដល់ ២០លានរៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត។
ត្រង់មាត្រា ១៤៣ថ្មី ត្រូវលុបបេក្ខភាពឈរឈ្មោះបោះឆ្នោតរបស់គណបក្សនយោបាយ និងត្រូវផាកពិន័យជាប្រាក់ពី ១០លានរៀល ទៅ ៣០លានរៀលដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះគណបក្សនយោបាយដែលបានប្រព្រឹត្តិអំពើល្មើសដូចបានចែងក្នុងមាត្រា ១៤២ថ្មី៕