កំពង់ស្ពឺ៖ កំលាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង បានបើកប្រតិបត្ដិការស្រាវជ្រាវរកមុខសញ្ញាដែលតែងតែបង្កអសន្ដិសុខ គប់ បាញ់កញ្ចក់រថយន្ដ ដោយអធិការនគរបាលស្រុកសំរោងទងសហការជាមួយកំលាំងនគរបាលប្រចាំការលើផ្លូវល្បឿនលឿន ស្រាវជ្រាវតាមវិធានជំនាញឃាត់ខ្លួនបានមុខសញ្ញាម្នាក់ចំណោមបក្ខពួកផ្សេងទៀតរត់គេចខ្លួន។
ប្រតិបត្តិការនេះកើតឡើងក្រោយទទួលបានបណ្ដឹងជាបន្ដបន្ទាប់ពីសំណាក់អ្នកដំណើរ ជនរងគ្រោះ និងតំណាងក្រុមហ៊ុនផ្លូវល្បឿនលឿន ចំពោះករណីគប់ បាញ់កញ្ចក់រថយន្តកំពុងចរាចរណ៍លើផ្លូវនេះ។
ជាក់ស្ដែងមុខសញ្ញាដែលសមត្ថកិច្ចឃាត់ខ្លួនបានកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិអូក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង បានសារភាពនិងបញ្ជាក់ថាខ្លួននិងបក្ខពួកបានធ្វើសកម្មភាពយកចំពាមកៅស៊ូគ្រាប់ថ្ម បាញ់កញ្ចក់រថយន្តដែលធ្វើដំណើរឆ្លងកាត់លើផ្លូវល្បឿនលឿនម្ដុំអូរក្រាំងអំបិល និងផ្លូវជាតិលេខ៤ ភូមិស្លា។
ជនសង្ស័យបានបន្ថែមថា ខ្លួនធ្វើសកម្មភាពមិនរើសប្រភេទរថយន្ដ និងពេលវេលាទេ អោយតែខ្លួននិងបក្ខពួកចេញមកពីកន្លែងដែលស្នាក់នៅបណ្ដោះអាសន្ន (ប្រើប្រាស់គ្រឿងញៀន) កន្លងមកខ្លួនបានយកជំពាមដាក់គ្រាប់ថ្មបាញ់ទៅលើឡានជាច្រើនតែមិនដឹងថាចំ ឬបែកកញ្ចក់ ឬកំពិតនោះទេ តែការបាញ់គប់កញ្ចក់រថយន្ដមិនមែនមានតែខ្លួនទេគឺមានបក្ខពួកផ្សេងទៀត។
ចំពោះករណីនេះកម្លាំងនគរបាលជំនាញកំពុងបន្តស្រាវជ្រាវ ក្រុមបក្ខពួកជនសង្ស័យដែលកំពុងរត់គេចខ្លួណ ខណៈបច្ចុប្បន្នសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំរោងទងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យអនុវត្ដតាមនីតិវិធី៕