ភ្នំពេញ៖ នៅដើមសប្តាហ៍នៃខែកក្កដាចាប់ពីថ្ងៃទី០៥-១១ កម្ពុជានឹងមានភ្លៀងធា្លក់លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដោយសារកម្ពុជាទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបគួបផ្សំនឹងខ្យល់មូសុងនិរតីក្នុងកម្រិតខ្សោយ។
តាមការព្យាករពីក្រសួងធនធានទឹក និងឧតុនិយម នៅតំបន់ទំនាបកណ្តាល អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅតិចតួច និងមធ្យមដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦អង្សា សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦អង្សា។
នៅតំបន់ខ្ពង់រាបអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅតិចតួច និងមធ្យមដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់។ សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦អង្សា និងសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥អង្សា។
ចំណែកនៅតំបន់មាត់សមុទ្រអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧អង្សា និងសីតុណ្ហភាពអតិបរមា មានពី ៣២-៣៤អង្សា៕