ព័ត៌មានទាន់ហេតុការណ៍៖ លោក Donald Trump ចេញសេចក្តីថ្លែងការណ៍ស្តីពីការបាញ់ប្រហាររបស់នៅរដ្ឋ Butler, PA | អាសូរណាស់.!បុរសលក់រ៉េមកីម្នាក់បើកម៉ូតូ រឺម៉ក់ធ្លាក់ផ្លូវចូលក្រឡុកទឹក បណ្តាលឲ្យស្លាប់.! | UPDATE: FBI បញ្ជាក់អត្តសញ្ញាណរូបថតខ្មាន់កាំភ្លើងបាញ់អតីតប្រធានធិបតី ដូលណាល់ ត្រាំ | លោក ចាយ បូរិន អញ្ជើញសំណេះសំណាល និងចែកជូនគ្រឿងឧបភោគបរិភោគ ដល់ប្រជាជនចំនួន៧០គ្រួសារ នៅឃុំចំនួន៣ក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ |

ប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាបប្រគល់វត្ថុបុរាណចំនួន៧៧ មកសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ

សៀមរាប៖ ប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប បានស្ម័គ្រចិត្តប្រគល់វត្ថុបុរាណចំនួន៧៧បន្ថែមទៀត ជូនមកកាន់សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីធ្វើការថែរក្សា និងអភិរក្សបន្ត។ ដោយវត្ថុបុរាណទាំង៧៧នោះ ខ្លះនៅរក្សាបានរូបរាងពេញ និងខ្លះទៀតបានបែកបាក់ជាបំណែក។

យោងតាមអាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ វត្ថុបុរាណទាំង៧៧នោះមានដូចជា ឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជននាសម័យបុរាណ មានកុលាលភាជន៍ ឧបករណ៍សម្រាប់ដាក់ទឹក និងម្ហូបអាហារផ្សេងៗ គ្រឿងអលង្ការដូចជា កងដៃ និងឧបករណ៍ប្រើប្រាស់ផ្សេងៗ កាំបិត ពូថៅ និងចានជាដើម។

អាជីវករប្រកបរបររកស៊ីមួយរូប រស់នៅក្នុងខេត្តសៀមរាប លោក ណក់ បូរុន បានឱ្យដឹងថា វត្ថុបុរាណមានចំនួន៧៧នេះ វត្ថុខ្លះលោកបានទិញបន្តពីប្រជាពលរដ្ឋ និងខ្លះទៀតប្រជាពលរដ្ឋបានប្រគល់ជូនលោកយកមករក្សាទុកបន្ត ដែលមានប្រភពនៅក្នុងខេត្តសៀមរាបខ្លះ និងមកពីខេត្តបន្ទាយមានជ័យខ្លះ។ ប៉ុន្តែលោកមិនបានដឹងអំពីអាយុកាលនៃវត្ថុនីមួយៗឡើយ ការរក្សាទុកនេះលោកយល់ថា វត្ថុទាំងនោះជារបស់មានតម្លៃពីបុរាណគួរបន្តថែរក្សា ដោយទទួលបានព័ត៌មានថា សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ទទួលថែរក្សា និងអភិរក្សវត្ថុសិល្បៈពីបុរាណ លោកក៏ស្ម័គ្រចិត្តប្រគល់ជូនមកកាន់សារមន្ទីរ ដើម្បីយកមកថែរក្សាបន្ត ទុកជាមរកតសម្រាប់កូនចៅជំនាន់ក្រោយបានស្គាល់។

លោក ណក់ បូរុន មានក្តីរីករាយ និងមានភាពកក់ក្តៅយ៉ាងខ្លាំង ក្រោយពេលមកដល់សារមន្ទីរ និង បានឃើញការតាំងបង្ហាញវត្ថុពីបុរាណជាច្រើនរាប់រយប្រភេទ ត្រូវបានថែរក្សាយ៉ាងល្អប្រសើរបែបនេះ ហើយលោកជឿជាក់ថា ការប្រគល់ជូនវត្ថុទាំងនោះ មកសារមន្ទីរដើម្បីថែរក្សាបន្ត ពិតជាមានសុវត្ថិភាពបំផុត។

នាយកស្តីទីនៃសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ លោក ភួយ សាវឿត បានឱ្យដឹងថា វត្ថុសិល្បៈដែលប្រជាពលរដ្ឋបានប្រគល់មកកាន់សារមន្ទីរ ភាគច្រើនជាកុលាលភាជន៍ ប្រហែលជាឧបករណ៍ដីដុតនៅក្នុងសម័យបុរេប្រវត្តិសាស្ត្រ និងសម័យអង្គរ ហើយឧបករណ៍ជាប្រភេទលោហៈ ភាគច្រើនជាឧបករណ៍ប្រើប្រាស់។ ភាគច្រើននៃវត្ថុសិល្បៈដែលបានប្រគល់ជូនមានច្រើនជាងគេ គឺកងដៃ ចំនួន២៤បំណែក និងពូថៅចំនួន១៨បំណែក ប៉ុន្តែក្រុមអ្នកជំនាញពុំទាន់អាចកំណត់អាយុកាល នៃវត្តុបុរាណទាំងនោះច្បាស់លាស់នៅឡើយ។

លោកបន្តថា ក្រោយពេលទទួលបានវត្ថុសិល្បៈទាំងនោះ ក្រុមអ្នកជំនាញនៃសារមន្ទីរ កំពុងធ្វើការចុះបញ្ជីវាស់ប្រវែង ថ្លឹងទំងន់ ទៅតាមបែបបទក្នុងសារមន្ទីរ ទើបឈានទៅរក្សាទុកក្នុងសីតុណ្ហភាពថេរ ដើម្បីការពារវត្ថុទាំងនោះ ទើបចាប់ផ្តើមធ្វើការសម្អាត និងលាបដើម្បីការពារស្រទាប់ខាងក្រៅនៃលោហៈទាំងនោះពីបរិយាកាសខាងក្រៅ រួចតភ្ជាប់បំណែកលោហៈណាដែលពុកផុយ តាមរូបរាងដើមឡើងវិញ តាមដែលអាចធ្វើទៅបាន។

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ គ្រោងធ្វើការតាំងបង្ហាញវត្ថុបុរាណទាំងនោះដល់សាធារណជនបានទស្សនា និងសិក្សាស្វែងយល់ ក្រោយពេលអ្នកជំនាញធ្វើការសិក្សាស្រាវជ្រាវអំពីប្រវត្តិនៃវត្ថុបុរាណទាំង៧៧នេះរួចរាល់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក