ភ្នំពេញ៖ ភ្ញៀវទេសចរជាង ៣០ម៉ឺននាក់ចេញដើរទស្សនាកម្សាន្តទូទាំងប្រទេស ខណៈមានគោលដៅទេសចរណ៍សំខាន់ៗចំនួន ៧រាជធានី-ខេត្ត គិតចាប់ពីថ្ងៃទី២៦ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣។
យោងតាមរបាយការណ៍ក្រសួងទេសចរណ៍នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យដឹងថាភ្ញៀវទេសចរសរុបមានចំនួន ៣០៦ ៥២៤នាក់ ក្នុងនោះមានភ្ញៀវជាតិចំនួន ២៧៣ ០៥៥នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងចំនួន ៣៣ ៤៦៩នាក់។
ជាមួយគ្នានេះ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន ខេត្តបាត់ដំបង សៀមរាប រាជធានីភ្នំពេញ កំពត កំពង់ស្ពឺ និង ខេត្តកែប ខណៈខេត្តព្រះសីហនុ មានភ្ញៀវទេសចរទៅកម្សាន្តច្រើនជាងគេ ចំនួន ៦៥ ៨៧២នាក់។
ក្រសួងទេសចរណ៍គុសបញ្ជាក់ថា ចំនួនភ្ញៀវទេសចរខាងលើ មានការកើនឡើងប្រមាណ ៣,៧៨% ធៀបនឹងសប្តាហ៍កន្លងមក។ សរុបរយៈពេល ៦ខែ នៃឆ្នាំ២០២៣នេះ ភ្ញៀវទេសចរក្នុងស្រុកសរុបមានចំនួនប្រមាណ ១១,១លាននាក់ កើនឡើងប្រមាណ ៧៥% ធៀបនឹងឆ្នាំ២០២២៕