ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

គណបក្សដែលចូលរួមការឃោសនាបោះឆ្នោតកោតសរសើរចំពោះការរៀបចំរបស់អាជ្ញាធរ និងគ.ជ.ប

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃទី២នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ស្វែងរកសម្លេងគាំទ្ររបស់គណបក្សនីមួយៗ បានប្រកបទៅដោយរលូន មានសន្តិភាព សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។

យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ថ្ងៃទី១ និងទី២ បណ្ដាគណបក្សនយោបាយដែលឈរឈ្មោះបោះឆ្នោត បានធ្វើការឃោសនាបោះឆ្នោតតាមកំណត់ និងតាមរូបភាពផ្សេងៗគ្នា ដែលរួមមាន ការជួបប្រជុំ ការហែក្បួនឃោសនា ការប្រគុំតន្រ្តី ការចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ និងការចែកខិតបណ្ណ។

ក្នុងនោះគណបក្ស ហ៊្វុនស៊ិនប៉ិច ដែលមានព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្ស បានយាងនៅក្នុងឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកា យុវជន យុវនារី ព្រមទាំងសកម្មជនគណបក្សមកពីរាជធានីភ្នំពេញ ដែលមានអ្នកចូលរួមប្រមាណជាង ៥ពាន់នាក់។

អ្នកនាំពាក្យគណបក្ស ហ៊្វុនស៊ិនប៉ិច លោក ញឿន រ៉ាដែន បានឱ្យ EAC News ដឹងថា ក្នុងយុទ្ធនាការដង្ហែក្បួនឃោសនាស្វែងរកសម្លេងគាំទ្រនេះ មានការរៀបចំពីគណៈកម្មាការរៀបចំការបោះឆ្នោតដែលសហការជាមួយអាជ្ញាធរមូលដ្ឋានបានជួយសម្រួលធ្វើឱ្យក្បួនដង្ហែប្រកបទៅដោយរលូន។

លោកថា៖ «ចរាចរណ៍ក៏ដូចជានៅតាមដងវិថីមួយចំនួនគឺត្រូវបានរៀបចំដោយគណៈកម្មាការរៀបចំការបោះឆ្នោតសហការជាមួយអាជ្ញាធរគឺបានធ្វើការសម្របសម្រួលឃើញថាពុំមានបញ្ហាចោទទេ សូម្បីតែចរាចរណ៍ក៏ល្អដែរ ខុសប្លែកពីកន្លងទៅ»។

ជាមួយគ្នានេះដែរ គណបក្សយុវជនកម្ពុជាដែលដឹកនាំក្បួនដង្ហែដោយប្រធានបក្សដោយផ្ទាល់ គឺលោក ពេជ្រ ស្រស់ នៅរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ រៀបចំក្បួនដង្ហែធំលើកទីមួយចាប់ពីចំណុចទីស្នាក់ការកណ្តាលគណបក្សយុវជនកម្ពុជាក្រោយផ្សារទំនើប K-mall ផ្លូវវេងស្រេង។

ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានឱ្យ EAC News ដឹងថា បើទោះបីជាមានការរអាក់រអួលខ្លះអំឡុងពេលដង្ហែក្បួនយ៉ាងក្តី ក៏ដំណើរការហែនៅតែបន្តបានយ៉ាងល្អរលូនតាមការគ្រោងទុក ដោយមានអ្នកចូលរួមហែប្រមាណ ១ ៥០០នាក់។

លោកថ្លែងថា៖ «យើងដង្ហែបានឆ្ងាយបានរលូនដោយសារមានកងកម្លាំងគាត់ជួយសម្រួលចរាចរណ៍ ប៉ុន្តែយើងបានដាច់ក្បួននៅចំណុចស្តុប Nokia ផ្លូវ២៧១ មកដល់ផ្សារស្ទឹងមានជ័យចាស់ រហូតដល់ផ្លូវវេងស្រេងដោយសារតែពុំមានសមត្ថកិច្ចណាចូលរួមធ្វើចរាចរណ៍ឱ្យ កន្លែងហ្នឹងរអាក់រអួលដាច់ក្បួនធ្វើឱ្យមានការកកស្ទះចរាចរណ៍ផងដែរ ប៉ុន្តែពុំមានបញ្ហាអ្វីខ្លាំងជាងហ្នឹងនោះទេ»។

ដោយឡែក គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យដែលមាន លោក ម៉ម សូណង់ដូ ជាប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានចូលរួមយុទ្ធនាការផ្សព្វផ្សាយដោយផ្ទាល់ផងដែរ។ លោកបញ្ជាក់ថា គណបក្សលោកមិនមានការរៀបចំហែក្បួនឃោសនាធំនោះទេ គឺជំនួសដោយការដើរចែក ខិតប័ណ្ឌផ្សព្វផ្សាយ នៅតាមទីតាំងមួយចំនួនទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣។ តែយ៉ាងណាក៏លោកសង្កេតឃើញថាមិនមានបញ្ហាអ្វីកើតឡើងអំឡុងពេលយុទ្ធនាការឃោសនារបស់គណបក្សណាមួយនោះទេ។

ចំពោះបក្សកាន់អំណាច គណបក្សប្រជាជនកម្ពុជាបានប្រារព្ធពិធីមីទ្ទិញ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២នៃការបង្កើតបក្សនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដោយមានអ្នកចូលរួមជាង ៧ម៉ឺននាក់។

ក្រោយចប់ពិធីមីទ្ទិញ សមាជិក និងសមាជិកានៃគណបក្សប្រជាជនកម្ពុជារាប់ម៉ឺននាក់នឹង ដង្ហែក្បួនឃោសនាគោលនយោបាយដើម្បីរកសំឡេងឆ្នោតពីប្រជាពលរដ្ឋនៅតាមបណ្តោយផ្លូវក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផ្សេងៗទៀតផងដែរ។ ដោយក្បួនឃោសនាបានចាប់ផ្តើមដង្ហែចេញពីកោះពេជ្រឆ្ពោះទៅតាមបណ្តាវិថីផ្សេងៗក្នុងរាជធានីភ្នំពេញ ហើយនៅពេលរសៀលគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌទាំង១៤ បានធ្វើការហែក្បួនឃោសនាក្នុងមូលដ្ឋានខណ្ឌរៀងៗខ្លួន។

គួរឱ្យដឹងដែរថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ មានរយៈពេល ២១ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ហើយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក