ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញបានបើកកិច្ចប្រជុំពេញអង្គក្រោមអធិបតីភាពប្រធានក្រុមប្រឹក្សាធម្មនុញ្ញ លោក អ៊ឹម ឈុនលឹម នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ ត្រួតពិនិត្យច្បាប់ស្តីពីវិសោធនធម្មច្បាប់បោះឆ្នោតមុនថ្វាយព្រះមហាក្សត្រឡាយព្រះហស្តលេខាអនុម័តឱ្យប្រើប្រាស់ជាផ្លូវការ។
សេចក្តីព្រាងច្បាប់ស្តីពីវិសោធនធម្មច្បាប់បោះឆ្នោត ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នាសម័យប្រជុំលើកទី៩ នីតិកាលទី៦។ ជាមួយគ្នានេះព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើទម្រង់ និងគតិច្បាប់ដោយឥតកែប្រែនាសម័យប្រជុំលើកទី១០ នីតិកាលទី៤ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។
ក្នុងសេចក្តីព្រាងច្បាប់ ត្រង់មាត្រាថ្មីបានចែងអ្នកដែលមិនទៅបោះឆ្នោតនឹងគ្មានសិទ្ទិឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យឡើយ។ ត្រង់មាត្រាថ្មី បុគ្គលណាដែលរារាំងដល់ការបោះឆ្នោតនឹងត្រូវផាកពិន័យ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត។
សេចក្តីព្រាងច្បាប់ស្តីពីវិសោធនធម្មច្បាប់បោះឆ្នោត នឹងដាក់ឱ្យអនុវត្តមុនថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕