បន្ទាយមានជ័យ៖ សមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជានៅខេត្តបន្ទាយមានជ័យប្រមាណ ២ម៉ឺននាក់ចូលរួមហែក្បួនឃោសនាបោះឆ្នោតនៅថ្ងៃចាប់ផ្តើមបើកវេទិកាឃោសនាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ក្រោមអធីបតី ប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន។
ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានលើកឡើងថា នេះជាប្រវត្តិសាស្ត្ររបស់កម្ពុជាក្រោយនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ប្រជាជាតិបានរស់រានមានជីវិតឡើងវិញ បញ្ចប់សករាជដ៏ខ្មៅងងឹតបំផុត ហើយបើកឡើងនូវសករាជថ្មីរបស់កម្ពុជាគឺ ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម គណបក្សប្រជាជនកម្ពុជា បានការពារការរស់ឡើងវិញរបស់ប្រជាជន ដោយទប់ស្កាត់មិនឱ្យរបបដ៏ឃោរឃៅនេះអាចវិលត្រឡប់មកវិញបានឡើយ។
លោកបន្តថា ឈរលើមូលដ្ឋានជ័យជម្នះ ៧មករា គណបក្សប្រជាជនកម្ពុជា បាននាំមកជូនប្រជាជនវិញនូវសិទ្ធិ សេរីភាពគ្រប់យ៉ាង ដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបប ប៉ុល ពត ជាពិសេស សិទ្ធិនៃការមានជីវិតរស់នៅ កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ប្រជាជន ព្រមជាមួយនោះ សាធារណរដ្ឋប្រជាមានិតកម្ពុជាត្រូវបានបង្កើតឡើង (ដែលបន្ទាប់មកបានប្តូរឈ្មោះជារដ្ឋកម្ពុជា) ដើម្បីការពារជាតិ ស្តារ និងកសាង សង្គម-សេដ្ឋកិច្ចឡើងវិញ។
លោកបន្ថែមថា ជាពិសេសក្រោយបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃ គណបក្សប្រជាជនកម្ពុជា ក្រោយមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បង្កើតបានសន្តិភាព និងឯកភាពជាតិពេញលេញ និងឯកភាពទឹកដីទាំងស្រុងចាប់ពីចុងឆ្នាំ១៩៩៨មក តាមរយៈការអនុវត្ត នយោបាយឈ្នះ ឈ្នះ ប្រកបដោយជោគជ័យ ដែលបានធ្វើឱ្យអង្គការចាត់តាំង របស់ពួកឧទ្ទាមកម្ពុជាប្រជាធិបតេយ្យទាំងខាងនយោបាយ និងយោធាត្រូវ រលំរលាយទាំងស្រុង។
ដូច្នេះដើម្បីឱ្យប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចម្រើនលោក ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានអំពាវនាវដល់សមាជិក-សមាជិកា ប្រជានជនកម្ពុជា បន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅក្នុងសន្លឹកឆ្នោត ពិសេសគាំទ្របេក្ខភាពលោក បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត៕