ភ្នំពេញ៖ ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា នឹងបន្តថែរក្សាការពារ និងកសាងមាតុភូមិជាទីស្នេហាឱ្យគង់វង្សស្ថិតស្ថេរ និងចម្រើនរុងរឿង។
សម្តេចតេជោបានថ្លែងបែបនេះនៅក្នុងពិធីអបអរខួបលើកទី៧២ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជា និងពិធីហែក្បួនឃោសនាសគណបក្សនាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣។
សម្តេចតេជោបានលើកឡើងថា រយៈពេលជា៤០មកនេះ បន្ទាប់ពីជ័យជម្នះ៧មករា គណបក្សប្រជាជនកម្ពុជាផ្សារភ្ជាប់រួមសុខ រូមទុក្ខជាមួយប្រជាជនពុះពារឆ្លងកាត់រាល់ឧបសគ្គ ដឹកនាំប្រទេសឱ្យចេញផុតពីស្ថានភាពវិនាសខ្ទេចខ្ទី ឈានដល់ដំណាក់កាលអភិវឌ្ឍលើគ្រប់វិស័យប្រកបដោយមោទនភាពជាទីបំផុត។
សម្តេចតេជោបានថ្លែងថា៖«នេះជាការផ្លាស់ប្តូរដ៏ធំធេងរបស់ព្រះរាជាណាចក្រកម្ពុជា ដែលគណបក្សប្រជាជនកម្ពុជានាំមកជូននូវប្រជាជន និងជាសច្ចធម៌ប្រវត្តិសាស្ត្រដែលគ្មានជនណា ឬកម្លាំងណាមកបដិសេធបានឡើយ»។
សម្តេចតេជោបានគូសបញ្ជាក់ថា នៅក្នុងនីតិកាលទី៦ នៃរដ្ឋសភា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលរូបសម្តេចផ្ទាល់ដែលជានាយករដ្ឋមន្ត្រីបានការពារយ៉ាងរឹងមាំនូវសន្តិភាព ស្ថេរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមដែលបានធានាដល់ការរស់នៅដ៏សុខក្សាន្តរបស់ប្រជាជន។
សម្តេចតេជោបានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជានឹងប្តេជ្ញាថែរក្សាសមិទ្ធផលរបស់ជាតិឱ្យ ឱ្យគង់វង្សជាដរាប ដោយមិនអនុញ្ញាតឱ្យអនុភាពប្រតិកិរិយាណាមកបំផ្លាញបានឡើយ។ ជាមួយគ្នានេះគណបក្សនឹងបន្តប្តេជ្ញាកសាងប្រទេសជាតិឱ្យកាន់តែរីកចម្រើនឡើងក្លាយជាប្រទេសឈានលឿនមួយក្នុងតំបន់ និងជាសង្គមប្រកបដោយអរិយធម៌ និងសេចក្តីស្រឡាញ់ និងគ្មានការកើតឡើងវិញនូវសង្គម និងការបែកបាក់ផ្ទៃក្នុងជាតិដូចពេលមុននោះទេ៕