សៀមរាប៖ លោកអេង ណាំ ប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាប បានស្ម័គ្រចិត្តប្រគល់ជូនវត្ថុបុរាណចំនួន៧ប្រភេទ ដល់សារមន្ទីរព្រះនរោត្តមសីហនុអង្គរយកមកថែរក្សា និងអភិរក្សបន្ត។
នាយកស្តីទីនៃសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ លោក ភួយ សាវឿត បានឱ្យដឹងថា វត្ថុបុរាណទាំងនោះមានចំនួន១២ដូចជា កងដៃតូចធំចំនួន៦ កញ្ចក់ចំនួនមួយ ផ្តិលទឹកមួយ ចានមួយ កណ្តឹងមួយ កាំបិតមួយ និងពូថៅចំនួនមួយ ដោយភាគច្រើននៃវត្ថុបុរាណទាំងនោះ អាចសនិ្នដ្ឋានបានថា ផលិតឡើងអំពីសំរឹទ្ធ និងកាំបិតមានផ្លែដែក។
លោកបានបន្តទៀតថា នៅពេលទទួលបានវត្ថុទាំងអស់នេះ ក្រុមការងារមិនទាន់អាចកំណត់អត្តសញ្ញាណថា វត្ថុទាំងអស់នេះស្ថិតក្នុងសម័យកាលណាមួយបានឡើយ។ ប្រជាពលរដ្ឋដែលបានប្រគល់ជូន បានបញ្ជាក់ថា កងដៃធំចំនួនពីរ មានប្រភពមកពីខេត្តបាត់ដំបង និងវត្ថុក្រៅពីនោះ មានប្រភពមកពីខេត្តឧត្តរមានជ័យ។
លោកបានឱ្យដឹងថា សារមន្ទីរក៏កំពុងស្នើសុំអ្នកជំនាញមកវិភាគ និងកំណត់អាយុកាលនៃវត្ថុទាំងនោះ ដើម្បីធ្វើការថែទាំ និងសម្អាត។ បើសិនជាមានលទ្ធភាពសារមន្ទីរ និងត្រៀមបង្ហាញជូនសាធារណៈជន អ្នកស្រាវជ្រាវបានចូលទស្សនាផងដែរ។
គួរឱ្យដឹងដែរថា សារមន្ទីរព្រះនរោត្តមសីហនុអង្គរ រីករាយក្នុងការប្រគល់ជូនវត្ថុបុរាណផ្សេងៗ ដែលប្រជាពលរដ្ឋបានរកឃើញឬរក្សាទុកនៅផ្ទះ ស្ម័គ្រចិត្តប្រគល់វត្ថុបុរាណឬវត្ថុសិល្បៈនានាមកកាន់សារមន្ទីរ ដើម្បីយកមកថែទាំ និងអភិរក្សបន្តដើម្បីកូនចៅជំនាន់ក្រោយបានស្គាល់និងសិក្សាស្រាវជ្រាវ៕