លោក ចន ណារិទ្ធ៖ ការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គមមានសារៈសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាពសង្គមនិងរួមចំណែកជំរុញសកម្មភាពសេដ្ឋកិច្ច
ភ្នំពេញ៖ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ចនណារិទ្ធ លើកឡើងថា ការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គម គឺមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់សុខុមាលភាពសង្គម តាមរយៈការធានានូវការទទួលបានសេវាសុខាភិបាល ការរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងកម្រិតសមរម្យនៃប្រាក់ចំណូល ការកាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ របស់ប្រជាជនជាដើមព្រមទាំងរួមចំណែកជំរុញសកម្មភាពសេដ្ឋកិច្ច តាមរយៈការកៀរគរធនធានហិរញ្ញវត្ថុ (ការសន្សំ) សម្រាប់ការវិនិយោគក្នុងស្រុក។
លោក ចន ណារិទ្ធិ លើកឡើងបែបនេះក្នុងវេទិកាផ្សព្វផ្សាយស្ដីពី ការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គម និងឥទ្ធិពលលើសុខុមាលភាពសង្គម និងសេដ្ឋកិច្ច ដោយមានការចូលរួមពី ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជាលោក ស្ទេនហ្វាន ម៉ាសើរើ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ។
លោកបានឱ្យដឹងថា វេទិកាផ្សព្វផ្សាយនេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយនូវ ការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជាតាំងពីថ្ងៃចាប់ផ្តើមរហូតមកដល់ពេលបច្ចុប្បន្ន និងស្វែងយល់អំពីឥទ្ធិពលលើសុខុមាលភាពសង្គម និងសេដ្ឋកិច្ច ដល់សាធារណជន និងតួអង្គពាក់ព័ន្ធនានាឱ្យកាន់តែទូលំទូលាយ។
អគ្គនាយកនៃនិយ័តករសន្តិសុខសង្គមរូបនេះបញ្ជាក់អំពីចក្ខុវិស័យនៃការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គមរបស់រាជរដ្ឋាភិបាល ដែលមានក្រុមប្រឹក្សាជាតិគាំពារសង្គមជាសេនាធិការដែលបាន និងកំពុងគិតគូរលើការជំរុញការបំពេញតួនាទីការធ្វើនិយ័តកម្ម និងការត្រួតពិនិត្យរបស់និយ័តករសន្តិសុខសង្គម ដោយសន្សឹមៗ មួយជំហានម្តងៗ តាមស្ថានភាពជាក់ស្តែងនិងធនធានដែលមាន និងបន្តពង្រឹងប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពរបស់ប្រតិបត្តិករសន្តិសុខសង្គម និងមូលនិធិជាតិជំនួយសង្គម។
ជាមួយគ្នានេះ ក៏បានគិតគូរពី ការកែទម្រង់ទីភ្នាក់ងារបញ្ជាក់ចំណាយសេវាសុខាភិបាលឱ្យក្លាយជាស្ថាប័នបញ្ជាក់ចំណាយ សម្រាប់សេវាវិជ្ជសាស្ត្រនៃរបបសន្តិសុខសង្គម និងជំរុញការធ្វើកំណែរទម្រង់របបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់មន្ត្រីរាជការសាធារណៈគិតគូរពង្រីកវិសាលភាពរបបសន្តិសុខសង្គមជាជំហានៗ ជាពិសេសរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរយៈការរៀបចំផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល។ ការធ្វើឌីជីថលូបនីយកម្មនូវនីតិវិធីអនុវត្តនានាក្នុងប្រព័ន្ធសន្តិសុខសង្គម និង ដាក់ចេញផែនការយុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលនឹងជំរុញការចុះបញ្ជីរបស់ក្រុមហ៊ុន-សហគ្រាសក្នុងប្រព័ន្ធសន្តិសុខសង្គម។
លោក ស្ទេនហ្វាន ម៉ាសើរើ បានលើកឡើងថា នាពេលនេះបេឡាជាតិរបបសន្តិសុខសង្គមកំពុងដំណើរការលើការធានារ៉ាប់រងការងារ សុខភាព និងប្រាក់សោធននិវត្តន៍សម្រាប់កម្មករនិយោជិត និងមន្ត្រីរាជការជាផ្លូវការ ដោយផ្តល់ជូនកម្មករនិយោជិតទាំងនេះដែលត្រូវការការការពារសង្គមច្រើន។
លោកបញ្ជាក់បន្ថែមថា នឹងទន្ទឹងរង់ចាំការកសាងលទ្ធផលល្អទាំងនេះ តាមរយៈគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។ ប្រព័ន្ធនេះនៅតែត្រូវការការពង្រឹងបន្ថែមទៀត ដើម្បីផ្តល់ការការពារសង្គមប្រកបដោយប្រសិទ្ធភាព ជាពិសេសចំពោះអ្នកដែលនៅសេសសល់។ ប្រព័ន្ធគាំពារសង្គមជាតិដ៏រឹងមាំអាចការពារជនងាយរងគ្រោះបំផុតក្នុងសង្គម ទប់ស្កាត់ភាពក្រីក្រ និងបម្រើជាធាតុផ្សំនៃស្ថេរភាពក្នុងគ្រាមានវិបត្តិ។
វេទិកាផ្សព្វផ្សាយនាឱកាសនេះ ក៏មានការចូលរួមពីអ្នកជំនាញការជាសាស្ត្រាចារ្យផ្នែកគោលនយោបាយសង្គមនៃសកលវិទ្យាល័យប្រទេសហ្វាំងឡង់ និងសាស្ត្រាចារ្យផ្នែកសន្តិសុខសង្គមនិងច្បាប់ការងារនៃសកលវិទ្យាល័យ Vilnius ប្រទេស Lithuania ដើម្បីចែករំលែកបទពិសោធន៍ផងដែរ៕