ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ «សាលសហសិក្សា តេជោសែន» ដែលស្ថិតក្នុងក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមអធិបតីរដ្ឋមន្ត្រីក្រសួងការពារជាតិ ឧបនាយករដ្ឋមន្ត្រី សម្តេចពិជ័យសេនា ទៀ បាញ់ នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា «សាលសហសិក្សា តេជោសែន» គឺជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ក្រសួងសាធារណការសម្រាប់ប្រើប្រាស់ក្នុងការបណ្តុះបណ្តាលបន្ថែមលើជំនាញបច្ចេកទេស និងជំនាញពាក់ព័ន្ធផ្សេងៗជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការ ព្រមទាំងនិស្សិតវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន។
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា «សាលសហសិក្សា តេជោសែន» មានប្រវែងបណ្តោយ ៣១ម៉ែត្រ និងទទឹង ១៨ម៉ែត្រ បំពាក់ទៅដោយឧបករណ៍បច្ចេកវិទ្យាទំនើបៗ មានLED ទំហំបណ្តោយ ៧ម៉ែត្រ និងទទឹង ៤ម៉ែត្រ។ សាលសហសិក្សានេះអាចចំណាយថវិកាសាងសង់ចំនួន ៦៥ម៉ឺនដុល្លារដែលជាប្រភពមូលនិធិចូលរួមពីសប្បុរជននានា ដែលសាលនេះអាចផ្ទុកមនុស្សបានប្រមាណ ២៣០នាក់។
រដ្ឋមន្ត្រីក្រសួងការពារជាតិ ឧបនាយករដ្ឋមន្ត្រី សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថាសមិទ្ធផល «សាលសហសិក្សា តេជោសែន» នេះគឺជាការខិតខំប្រឹងប្រែងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
សម្តេចពិជ័យ ទៀ បាញ់ សង្ឃឹមថា តាមរយៈវិទ្យាស្ថានតេជោសែន និងវត្តមានសាលសហសិក្សាតេជោសែន នេះនឹងកាន់តែមានសារសំខាន់បន្ថែមទៀតដើម្បីបម្រើដល់ការបណ្តុះបណ្តាលធានានឹងមានធនធានមនុស្សគ្រប់គ្រាន់ពរពេញដោយជំនាញ និងសមត្ថភាពច្បាស់លាស់ចូលរួមមកបន្តវេនក្នុងវិស័យសាធារណការ និងដឹកជញ្ជូន៕