ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្អាកប្រើហ្វេសប៊ុក ដោយសម្តេចជ្រើសរើសឆាណែលតេឡេក្រាមសម្រាប់ផ្សព្វផ្សាយរាល់ព័ត៌មាន និងសារសំឡេងផ្សេងៗវិញ។ ជាមួយគ្នានេះសម្តេចក៏បានបង្កើតគណនី Tiktok ផងដែរ។
ការដែលសម្តេចប្រើឆាណែលតេឡេក្រាមសម្រាប់ផ្សព្វផ្សាយព័ត៌មាន ឬផ្សាយផ្ទាល់ព័ត៌មានផ្សេងៗ ដោយសារសម្តេចយល់ថា ការផ្សព្វផ្សាយតាមឆាណែលតេឡេក្រាមគឺអាចឱ្យពលរដ្ឋទទួលបានព័ត៌មានរហ័សជាងហ្វេសប៊ុក ខណៈបច្ចុប្បន្ននេះឆាណែលតេឡេក្រាមសម្តេចមានចំនួន Subscribers (អ្នកភ្ជាប់) ចំនួនជាង ៨ម៉ឺននាក់។
សម្តេចបានសរសេរនៅក្នុងតេឡេក្រាមដូច្នេះថា៖ «ការធ្វើដូចនេះងាយស្រួលដល់ខ្ញុំធ្វើទំនាក់ទំនងជាមួយប្រជាជននៅពេលខ្ញុំធ្វើដំណើរទៅប្រទេសមួយចំនួនដែលប្រទេសនោះមិនអនុញាតឲ្យប្រើ Facebook។ ខ្ញុំរក្សា Facebook របស់ខ្ញុំតែខ្ញុំផ្អាកប្រើដើម្បីឲ្យអ្នកធ្លាប់ទទួលព័ត៌មានពីខ្ញុំមកទទួលព័ត៌មានពីខ្ញុំតាម telegram YouTube Instagram»។
ជាមួយគ្នានេះ សម្តេចក៏បានបង្កើតគណនី Tiktok ផងដែរ ដើម្បីបានកម្សាន្តជាមួយយុវជន។ លោកអ្នកអាច Scan QR Code នៅខាងក្រោមនេះ ឬចុចលីង https://www.tiktok.com/@hunsenofcambodia ៕