GGAS រៀបចំកម្មវិធីបញ្ចប់ឆ្នាំសិក្សា២០២២-២០២៣ ជាមួយនឹងការប្រកាសដាក់បញ្ជូលកម្មវិធីសិក្សាអន្តរជាតិថ្មី IB
ភ្នំពេញ៖ សាលាអាមេរិកហ្គោលឌិនហ្គេត ហៅកាត់ថា GGAS បានរៀបចំកម្មវិធីបញ្ចប់ឆ្នាំសិក្សា២០២២-២០២៣ កាលពីថ្ងៃច័ន្ទ និងថ្ងៃអង្គារដើមសប្ដាហ៍នេះដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្សដែលបានសិក្សានៅសាលារបស់ខ្លួន ក៏ដូចជាប្រកាសនូវការដាក់បញ្ជូលនូវប្រព័ន្ធសិក្សាបែបអន្តរជាតិថ្មីមួយដំបូងគេនៅសាលានេះផងដែរ។
ថ្លែងក្នុងពិធីបញ្ចប់ការសិក្សាឆ្នាំ២០២២-២០២៣ ដែលបានរៀបចំឡើងនៅសណ្ឋាគារ Sofitel កាលពីថ្ងៃច័ន្ទ ទី២៦ ខែមិថុនា នាយិការសាលាអាមេរិកាំងហ្គោលឌិនហ្គេតលោកស្រី ហេង សុគន្ធា បានថ្លែងថារហូតមកបច្ចុប្បន្នសាលាបានរួមចំណែកជួយការវិស័យអប់រំកម្ពុជាដែលបានបណ្ដុះបណ្ដាលសិស្សទាំងកម្មវិធីសិក្សាជាតិនិងអន្តរជាតិដែលមានគុណភាព។
លោកស្រីបន្ថែមផងដែរថាក្នុងឆ្នាំសិក្សា២០២២-២០២៣នេះ សាលាទើបបានចុះកិច្ចសហការជាមួយស្ថាប័ន IB International Baccalaureate ដែលនឹងជួយដល់សិស្សសាលារបស់ខ្លួនមានសមត្ថភាពប្រកួតប្រជែងឈានដល់ប្រកួតថ្នាក់ពិភពលោក។ កម្មវិធីនេះនឹងដាក់ឱ្យអនុវត្តន៍ចាប់ពីឆ្នាំសិក្សា២០២៣-២០២៤ តទៅចាប់ពីថ្នាក់បឋមរហូតដល់វិទ្យាល័យ។
GGAS ក៏បានក្លាយជាសមាជិក College Board ដែលអាចបើកបង្រៀនថ្នាក់ផ្សេងៗរបស់ College Board ដល់សិស្ស និងទទួលសិទ្ធិសម្រាប់ការប្រឡង SAT តាមរយៈអនឡាញផងដែរ។
International Baccalaureate (IB) គឺជាស្ថាប័នឈានមុខគេលើសកលលោកក្នុងវិស័យអប់រំអន្តរជាតិ ដែលអភិវឌ្ឍការសិក្សាថ្មីៗ បង្កើនចំណេះដឹង ទំនុកចិត្ត និងការយកចិត្តទុកដាក់ចំពោះយុវជន។ កម្មវិធីIB ផ្តល់សិទ្ធិអំណាចដល់សិស្សានុសិស្សដែលមានអាយុចូលរៀនឱ្យមានភាពជាម្ចាស់ក្នុងការរៀនសូត្ររបស់ពួកគេ និងជួយពួកគេអភិវឌ្ឍជំនាញដែលត្រៀមរួចជាស្រេចនាពេលអនាគតដើម្បីធ្វើការផ្លាស់ប្តូរ និងរីកចម្រើននៅក្នុងពិភពលោកដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។
រដ្ឋលេខាធិការក្រសួងអប់រំលោកស្រី គឹម សេដ្ឋានី បានថ្លែងកោតសរសើរចំពោះការនាំយកកម្មវិធី IB នេះមកបណ្ដុះបណ្ដាលដល់សិស្សានុសិស្សកម្ពុជាដោយថាជាកម្មវិធីអន្តរជាតិមួយដែលជួយដល់បំណិនសតវត្សទី២១ ជាពិសេសគឺបានដើរមុនគេមួយជំហានខណៈបច្ចុប្បន្នគេច្រើននិយាយពី STEM តែ GGAS អាចឈានដល់ការសិក្សាពី STEAM (Science, Technology, Engineering, Art and Mathematics) ។
លោកស្រីរដ្ឋលេខាធិការបានលើកឡើងថាគ្រឹះស្ថានសិក្សាដែលអាចផ្ដល់នួវការអប់រំមានគុណភាពគឺកត្តាសាលារៀន ការចូលរួមពីសិស្ស គ្រូ ការចូលរួមគាំទ្រពីមាតាបិតាចូលក្នុងការអប់រំ និងកម្មវិធីអប់រំដែលអាចផ្ដល់បាននូវចំណេះដឹង ចំណេះធ្វើ និងចរិយាសម្បទា ដែលទាំងអស់នេះមាននៅ GGAS ផងដែរ។
ក្នុងកម្មវិធីបញ្ចប់ការសិក្សានេះក៏មានបង្ហាញពីការសំដែងសិល្បៈរបស់សិស្សសាលា GGAS និងចែកលិខិតសរសើរដល់សិស្សឆ្នើមផងដែរ ដោយមានការចូលរួមពីសិស្សានុសិស្ស និងអាណាព្យាបាលសិស្សយ៉ាងច្រើនកុះករ៕