ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នាយករដ្ឋមន្ត្រីសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺជាអ្នកបញ្ចប់សង្គ្រាម និងប្រឆាំងសង្គ្រាម ដោយបានងើបតស៊ូរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ និងបានដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ រហូតប្រទេសជាតិមានសុខសន្តិភាពពេញលេញ។
ថ្លែងក្នុងពិធីអបអរសាទរខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា និងពិធីបំពាក់គ្រឿងឥស្សរិយយសជូនអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ នាថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា នៅឆ្នាំ១៩៧០ សេនាប្រមុខ លន់ នល់ បានដឹកនាំរដ្ឋប្រហារទម្លាក់ព្រះបាទព្រះបរមរតនកោដ្ឋ ដោយបានធ្វើឱ្យកម្ពុជាធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាម និងបាននាំប្រទេសជាតិឱ្យដើរថយក្រោយពីសម័យកាលរីកចម្រើន ទៅជាសម័យកាលនៃការបំផ្លិចផ្លាញដោយសារសង្គ្រាម និងឈានរហូតដល់ការកាប់សម្លាប់ប្រជាជនដោយគ្មានត្រាប្រណី នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។
លោកថ្លែងថា ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទាំងនេះ បានបន្សល់ទុកនូវការបែកបាក់ព្រាត់ប្រាសក្រុមគ្រួសារ និងវិនាសកម្មជាច្រើន ដែលជាចងចាំអតីតកាលដ៏ឈឺចាប់ខ្លោចផ្សានេះគ្មានថ្ងៃបំភ្លេចបាន។
លោកបានប្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវចងចាំនូវអតីតកាល ដែលជាតិខ្មែរធ្លាប់រងគ្រោះ ហើយត្រូវខិតខំធ្វើយ៉ាងដើម្បីដើរចៀសឱ្យផុតពីសង្គ្រាម និងជម្លោះបែកបាក់ ព្រមទាំងរួមសាមគ្គីគ្នាការពារឱ្យបានដាច់ខាតនូវសុខសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ។
លោកថ្លែងថា៖ «សម្តេចតេជោ នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺជាអ្នកបញ្ចប់សង្គ្រាម និងប្រឆាំងសង្គ្រាម ដោយបានងើបតស៊ូរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ និងបានដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ រហូតប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងភាពសុខសាន្តសម្បូរសប្បាយរុងរឿង ដូចពេលបច្ចុប្បន្ន»។
លោកគូសបញ្ជាក់ថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែងបានយកចិត្តទុកដាក់លើសុខុមាលភាព និងការលើកកម្ពស់តួនាទីរបស់អតីតយុទ្ធជន ដោយបានផ្តោតលើចំណុចអាទិភាពសំខាន់ចំនួន៣ គឺ ជីវិត ជីវភាព និងកិត្តិយស៕