ព្រះសីហនុ៖ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល លោក ហ៊ុន ម៉ាណែត បានចុះជួបសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។
ក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា គ្រប់ពេលតែងមានវត្តមានថ្នាក់ដឹកនាំ និងសមាជិកបក្សនៅជាប់ជាមួយប្រជាពលរដ្ឋក្នុងគ្រប់កាលៈទេសៈ ជាពិសេសក្នុងដំណាក់កាលដ៏លំបាកបំផុត ពោលរាជរដ្ឋាភិបាលមិនរត់ចោលប្រជាជន ហើយខិតខំជួយប្រជាជន និងសង្គ្រោះជីវិតប្រជាជន។
លោកថាជាក់ស្តែងក្នុងដំណាក់កាលកូវីដ-១៩ រាជរដ្ឋាភិបាលដែលមានគណបក្សប្រជាជនកម្ពុជាដែលបានដាក់ចេញនូវយន្តការ វិធីសាស្ត្រ និងកិច្ចខិតខំប្រឹងប្រែងស្វែងរកវ៉ាក់សាំងមកផ្តល់ជូនប្រជាជនបានទាន់ពេលវេលា ហើយឈានមកដល់ការបើកដំណើរការ ប្រទេសជាប្រក្រតីឡើងវិញយ៉ាងឆាប់រហ័សបំផុត។
លោកគូសបញ្ជាក់ថា មូលហេតុដែលគណបក្សប្រជាជនកម្ពុជាតែងទទួលបានការគាំទ្រ និងមានឱកាសដឹកនាំប្រទេសជាប់រហូតមក គឺដោយសារគណបក្សប្រកាន់គោលការណ៍ និងបុព្វហេតុឥតងាករេ គឺកើតដោយសារប្រជាជន ដើម្បីប្រជាជន និងរបស់ប្រជាជន។
លោកលើកឡើងថា លទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២ កន្លងមក ក៏ដូចជាគ្រប់ការបោះឆ្នោតដែលគណបក្សប្រជាជនកម្ពុជាបានទទួលសម្លេងគាំទ្រច្រើន និងអាចដឹកនាំរាជរដ្ឋាភិបាល គឺដោយសារម្ចាស់ឆ្នោតបានផ្តល់នូវការទុកចិត្ត និងការជឿជាក់លើការដឹកនាំ និងគុណបំណាច់ដ៏ធំធេងរបស់បក្ស ជាពិសេសសមិទ្ធផលវិជ្ជមានជាច្រើនដែលបានធ្វើសម្រាប់ជាតិ និងប្រជាជន។
ប្រធានយុវជនគណបក្សថ្នាក់កណ្តាល លោក ហ៊ុន ម៉ាណែត បាននិយាយថា៖ «ភាពជោគជ័យនេះ គឺមិនមែនបានមកដោយចៃដន្យនោះទេ ព្រោះថាសន្លឹកឆ្នោតរបស់ម្ចាស់ឆ្នោត គឺមិនងាយយកបានដោយងាយស្រួល ឬដល់ថ្ងៃគាត់ទៅគូសជូននោះទេ។ សន្លឹកឆ្នោតដែលទទួលបាន គឺបានមកពីការទុកចិត្ត និងការយកបានបេះដូង ហើយយើងគ្រប់គ្នាត្រូវដឹងថា ការយកបានសន្លឹកឆ្នោតមួយសន្លឹកៗ គឺពិបាកយកណាស់ ដែលទាមទារឱ្យយើងគ្រប់គ្នាត្រូវខិតខំធ្វើសកម្មភាព និងបម្រើប្រជាពលរដ្ឋដោយសេចក្តីស្មោះត្រង់ និងបង្កើនភាពសកម្មទ្វេដង ព្រមទាំងនៅកៀកជិតប្រជាពលរដ្ឋជានិច្ចជាកាល ជាពិសេសនៅពេលមានតម្រូវការបំផុត»។
លោក ហ៊ុន ម៉ាណែត បន្ថែមថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានប្តេជ្ញាប្រកាន់ខ្ជាប់នូវគោលការណ៍លិទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងដែលកំពុងបន្តចាក់គ្រឹះយ៉ាងរឹងមាំយូរអង្វែងនៅកម្ពុជា ព្រមជាមួយនឹងការប្តេជ្ញាចិត្តការពារដាច់ខាតនូវរបបរាជានិយម ស្របតាមបាវចនា “ជាតិ សាសនា ព្រះមហាក្សត្រ” តាមរយៈការពង្រឹងការអនុវត្តវិធានការច្បាប់ ដើម្បីរក្សាការពារផលប្រយោជន៍ជាតិទាំងមូល និងប្រជាជន ១៧លាននាក់ ទល់នឹងរាល់អំពើខុសច្បាប់ទាំងឡាយណាដែលបំពានដល់ភាពសុខសាន្តរបស់ជាតិ និងប្រជាជន៕