អ្នកនាំពាក្យ៖ ចលនាជាតិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ បិទបញ្ចប់នយោបាយជ្រុលនិយមនៅកម្ពុជា | ខឿនព្រះលានជល់ដំរីអាចនឹងបញ្ចប់ការជួសជុលនៅចុងឆ្នាំ២០២៤ | លោក Andre Villas-Boas ជាប់ឆ្នោតជាប្រធានថ្មីនៃក្លិបបាល់ទាត់ FC Porto | ព្រះមហាក្សត្រព្រុយណេអញ្ជើញដល់ប្រទេសកម្ពុជាដើម្បីជាមួយសម្ដេចតេជោសោយព្រះក្រយាអាហារពេលព្រឹក |

លោក ហ៊ុន ម៉ាណែត៖ សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ដើម្បីបង្ហាញឥទ្ធិពលដ៏ខ្លាំងក្លា

កោះកុង៖ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានថ្លែងថា សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងយុទ្ធនាការឃោសនាបោះឆ្នោតខាងលើមុខនេះ ដើម្បីបង្ហាញស្មារតីមោះមុត និងឥទ្ធិពលដ៏ខ្លាំងក្លារបស់ទ័ពជំរំទេវតាក្នុងធ្លុងមហាសាមគ្គីជាតិដើម្បីបុព្វហេតុជាតិ និងប្រជាជន។

លោក ហ៊ុន ម៉ាណែត បានថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង នាថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣ ថា៖ «ក្នុងនាមជាសកម្មជនយុវជនបក្ស យើងម្នាក់ៗមានភារកិច្ចចូលរួមចំណែកធានានិរន្តភាពយូរអង្វែងរបស់គណបក្ស ដែលសព្វថ្ងៃជាគណបក្សធំ មានសមាជិកគ្រួសារច្រើន និងកំពុងកាន់អំណាច ដោយមានការទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនារបស់ជាតិមាតុភូមិ»។

ប្រធានយុវជនគណបក្សថ្នាក់កណ្តាល លោក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែមថា ក្រុមការងារយុវជនគណបក្សគ្រប់ថ្នាក់ បានរៀបចំពង្រឹងរចនាសម្ព័ន្ធ អង្គការចាត់តាំងកាន់តែរឹងមាំ ព្រមជាមួយនឹងការបែងចែកភារកិច្ច និងការទទួលខុសត្រូវច្បាស់លាស់ ដោយរក្សាបាននូវសាមគ្គីភាពឯកភាពផ្ទៃក្នុងល្អ ហើយក៏តែងធ្វើសកម្មភាព ដោយឈរលើគោលការណ៍សំខាន់៣។

គោលការណ៍សំខាន់៣ នោះមានគោលការណ៍ទី១. ការទទួលខុសត្រូវ ដោយទទួលខុសច្រើនជាងត្រូវ។ ទី២. ការអនុវត្តសិទ្ធិអំណាចដើម្បីសម្រេចការទទួលខុសត្រូវ និងទី៣. ការទទួលបានគុណសម្បត្តិស្មើគ្នា ប្រសិនបើការងារសម្រេចលទ្ធផលល្អ ហើយក្នុងករណីមានលទ្ធផលអវិជ្ជមាន គឺអ្នកដឹកនាំជាអ្នកត្រូវទទួលខុសត្រូវ។ មួយវិញទៀត ក្នុងនាមជាអ្នកដឹកនាំសកម្មជនយុវជនបក្សក៏ត្រូវផ្តល់ការធានាគាំទ្រទាំងផ្នែកស្មារតី និងសម្ភារ ព្រមទាំងការលើកទឹកចិត្តដល់សកម្មជនយុវជនបក្ស សំដៅជំរុញប្រសិទ្ធភាពនៃការបំពេញតួនាទីក្នុងនាមជាជំនួយការរបស់គណបក្ស ក្នុងការបំផុសចលនាយុវជនឱ្យគាំទ្របុព្វហេតុដ៏ត្រឹមត្រូវរបស់គណបក្ស។

លោកថ្លែងថា៖ «គណបក្សប្រជាជនកម្ពុជា រក្សាបាននូវប្រៀបឈ្នះជាប់ជាប្រចាំ ដោយសារការចិញ្ចឹមចលនារស់រវើក ការបម្រើប្រជាជនប្រកបដោយទឹកចិត្តស្មោះសរ និងការតម្កល់ផលប្រយោជន៍ប្រជាជនជាធំក្នុងគ្រប់កាលៈទេសៈ រាប់ចាប់តាំងពីពេលដែលបក្សត្រូវបានបង្កើតឡើងមកម្ល៉េះ»។

លោកបន្ថែមថា ក្នុងន័យនេះ សកម្មជនយុវជនបក្សត្រូវបន្តនូវស្មារតី និងសកម្មភាពរបស់យុវជនរៀមច្បង តាមរយៈភារកិច្ចសំខាន់ចំនួន៣ រួមមាន៖ ទី១. ថែរក្សាសមិទ្ធផលវិជ្ជមានដែលយុវជនរៀមច្បងបានកសាងឡើង ទី២. ខិតខំប្រឹងប្រែងកសាងសមិទ្ធផលវិជ្ជមានបន្ថែមទៀត និងទី៣. រៀបចំមូលដ្ឋានឱ្យបានកាន់តែរឹងមាំដើម្បីផ្ទេរបន្តទៅឱ្យយុវជនជំនាន់ក្រោយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក