កំពង់ស្ពឺ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន អំពាវនាវពលរដ្ឋឱ្យប្រុងប្រយ័ត្ន និងបង្ការជំងឺអេដស៍ ជាពិសេសអ្នកដែលស្រឡាញ់ភេទដូចគ្នា ខណៈកម្ពុជាប៉ុន្មានឆ្នាំចុងក្រោយនេះអត្រាអ្នកឆ្លងផ្ទុះឡើងវិញ។ សម្តេចតេជោក៏អំពាវនាវពលរដ្ឋកុំរើសអើងអ្នកកើតជំងឺអេដស៍។
ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលកម្មករនិយោជិតជិត២ម៉ឺននាក់នៅក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺនាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោមានប្រសាសន៍ថា៖«បើប្រៀបធៀបជំងឺកូវីដ-១៩ គឺមានថ្នាំព្យាបាល តែអេដស៍អត់មានថ្នាំព្យាបាលទេ»។
សម្តេចតេជោថ្លែងថាសម្តេចមិនស្អប់ខ្ពើមអ្នកស្រឡាញ់ភេចដូចគ្នានោះទេ ប៉ុន្តែសម្តេចព្រួយកង្វល់ចំពោះអត្រាអ្នកឆ្លងជំងឺអេដស៍ឆ្នាំនេះមានការកើនឡើង ដែលទាមទារឱ្យអ្នកដែលស្រឡាញ់ភេទដូចគ្នាត្រូវមានវិធានការការពារ និងបង្ការជំងឺអេដស៍។ ដោយឡែកចំពោះអ្នកដែលសង្ស័យថាឆ្លងជំងឺអេដស៍ត្រូវទៅធ្វើតេស្តជាបន្ទាន់ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា។
សម្តេចលើកឡើងថា៖«ច្បាប់យើងមិនមានការហាមឃាត់មិនឱ្យយកគ្នា(ស្រឡាញ់ភេទដូចគ្នាទេ) ប៉ុន្តែយកក៏មិនដាក់ច្បាប់ឱ្យរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាដែរ។ យើងអត់រើសអើងទេដែលយកភេទដូចគ្នា ស្រីយកស្រី ប្រុសយកប្រុសនោះ»។
ទន្ទឹមនឹងត្រូវមានវិធានការទប់ស្កាត់ជំងឺអេដស៍ សម្តេចតេជោក៏បានសំណូមពរឱ្យពលរដ្ឋកុំមានការរើសអើងអ្នកឆ្លងជំងឺមួយនេះ។ សម្តេចថ្លែង៖«កុំរើសអើងអ្នកកើតជំងឺអេដស៍ ការងារដែលគ្នាធ្លាប់ធ្វើទាំងប៉ុន្មានឱ្យគ្នាធ្វើទៅ ហើយបើគ្នាសុំធ្វើការងារ ក៏ឱ្យគ្នាធ្វើការទៅ កុំរើសអើង»៕