ជីវភាពពលរដ្ឋជាង ២០០គ្រួសារក្នុងសហគមន៍សុវណ្ណាបៃតងមានភាពប្រសើរឡើង ក្រោយទទួលការបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម
កោះកុង៖ ពលរដ្ឋក្រីក្រប្រមាណជាង ២០០គ្រួសារ ដែលភាគច្រើនធ្លាប់មានជីវភាពខ្វះខាត ពឹងផ្អែកលើការបរបាញ់-ដាក់អន្ទាក់សត្វ និងធ្វើកសិកម្មពនេរចរជារបរប្រចាំថ្ងៃ បានផ្លាស់ប្តូរមកភាពប្រសើរឡើងវិញ ក្រោយមករស់នៅក្នុងសហគមន៍សុវណ្ណាបៃតងដោយទទួលបានការបណ្តុះបណ្តាលផ្នែកបច្ចេកទេសកសិកម្ម អាចដាំដុះដើម្បីរកចំណូលផ្គត់ផ្គង់គ្រួសារ។
សហគមន៍សុវណ្ណាបៃតងស្ថិត នៅភូមិកណ្តោល ស្រុកបុទុមសាគរ ខេត្តកោះកុង ដោយការបង្កើតសហគមន៍សុវណ្ណាបៃតងរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife alliance) នេះ គឺគិតគូរអំពីជីវភាពរបស់ពលរដ្ឋ និងជាវិធានការមួយដ៏មានប្រសិទ្ធភាពក្នុងការពង្រឹង ការពារ និងអភិរក្សធនធានធម្មជាតិ។
ប្រធានសហគមន៍សុវណ្ណាបៃតង លោក អាត់ ណុច បានឲ្យដឹងថា មុនមករស់នៅសហគមន៌សុវណ្ណាបៃតងនេះ ពលរដ្ឋភាគច្រើនមានជីវភាពក្រីក្រខ្វះខាត រកមួយថ្ងៃហូបមួយថ្ងៃ ដោយពឹងផ្អែកលើព្រៃឈើ និងកសិកម្មពនេរចរផង ហើយដីក៏ពុំមែនជាកម្មសិទ្ធិខ្លួនទៀតនោះ ប៉ុន្តែក្រោយចូលមករស់នៅក្នុងសហគមន៍ទទួលបានដីជាង ១ហិចតាស្របច្បាប់ពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ពលរដ្ឋយល់ដឹងច្រើនអាចធ្វើកសិកម្មដាំដុះប្រកបរបរចិញ្ចឹមជីវិតបានប្រសើរជាងមុន។
លោក អាត់ ណុច បន្តឱ្យថាចំពោះការដាំដុះដំបូងឡើយពលរដ្ឋដាំតាមគោលការណ៍របស់សហគមន៍បណ្តុះបណ្តាល តែជាង ១៨ឆ្នាំមកនេះ គឺពលរដ្ឋក្នុងសហគមន៍មានភាពឯករាជ្យដែលអាចដាំដុះដំណាំតាមគោលការណ៍ចង់បានលើផ្ទៃដីរបស់ខ្លួន អាចសម្រេចខ្លួនឯងថាដំណាំណាមានទីផ្សារល្អ ឬងាយលក់ ហើយសហគមន៍នៅតែបន្តជួយផ្តល់ជាគំនិតប្រសិនបើមានការចាំបាច់។
លោកថា៖«សហគមន៍យើងបានបណ្តុះបណ្តាលគាត់តាំងពីយូរមកហើយបន្តបន្ទាប់រហូត មានទាំងសហគមន៍ មានទាំងអ្នកបច្ចេកទេសខាងផ្នែកកសិកម្មបុគ្គលិករបស់គម្រោង ចឹងគាត់ចង់ដាំអីគាត់ទៅជួយផ្តល់ជាគំនិត លើករងយ៉ាងម៉េច ប្រើជីយ៉ាងម៉េច ប្រើថ្នាំយ៉ាងម៉េច»។
លោកបន្តថា ចំពោះទីផ្សារសម្រាប់លក់ដំណាំ ក្នុងរយៈពេលប្រមាណ៧ឆ្នាំមុន សហគមន៍បានរកទីផ្សារ និងដឹកជញ្ជូនទៅកាន់ទីផ្សារនូវផលិតផលដែលពលរដ្ឋក្នុងសហគមន៍ផលិតបាន ដោយខាងសហគមន៍មិនយកប្រាក់ចំណេញនោះទេ ប៉ុន្តែបច្ចុប្បន្នពលរដ្ឋអាចរកទីផ្សារបានខ្លួនឯង រកឈ្មួញកណ្តាលបោះដុំទៅទីផ្សារក្នុងស្រុកបានខ្លួនឯង។
គួរឱ្យដឹងដែរថា សហគមន៍សុវណ្ណាបៃតងបង្កើតឡើងនៅឆ្នាំ២០០៣ មានប្រមាណ ២៥០គ្រួសារ ដែលកំពុងរស់នៅនិងទទួលអត្ថប្រយោជន៍ពីគម្រោងរ៉េដបូកតំបន់ជួរភ្នំក្រវាញនិងគម្រោងសុវណ្ណាបៃតង។
ក្នុងឆ្នាំ២០១៣ សហគមន៍បានបង្កើតឡើងដំណាំផ្លែឈើហូបផ្លែជាច្រើនប្រភេទត្រូវបានដាំរួមមាន ធុរេន សៅម៉ាវ និងមៀនជាដើម។ បច្ចុប្បន្នមានដើមឈើ ហូបផ្លែជាង ៣ពាន់ដើមនៅសហគមន៍សុវណ្ណាបៃតងដែលជាចម្ការសហគមន៍គ្រប់ផ្ទៃដី ២០ហិកតា។ ក្រៅពីដើមឈើហូបផ្លែដំណាំផ្សេងទៀតត្រូវដាំរួមមានសណ្ដែកគួរឪឡឹកនិងម្ទេសជាដើម៕