
រាជរដ្ឋាភិបាលណែនាំអាជ្ញាធរទប់ស្កាត់បទល្មើសគ្រឿងញៀននៅតាមក្លឹបកម្សាន្ត និងកន្លែងផលិតសារធាតុគីមីផ្សំ
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានណែនាំឱ្យអាជ្ញាធររាជធានីខេត្តទាំងអស់ត្រូវបន្តពង្រឹងការអនុវត្តវិធានការរដ្ឋបាលត្រួតពិនិត្យរកបទល្មើសគ្រឿងញៀននៅតាមក្លឹបកំសាន្ត ខារ៉ាអូខេ ផ្ទះសំណាក់ ផ្ទះជួល ខុនដូ សណ្ឋាគារ រោងចក្រផលិតសម្រាប់នាំចេញ នាំចូល រក្សាទុកនិងប្រើប្រាស់សារធាតុគីមីផ្សំ ឱ្យមានប្រសិទ្ធភាពដើម្បីកាត់បន្ថយ និងឈានដល់ការកាច់ផ្តាច់ខ្សែចង្វាក់ផ្គត់ផ្គង់គ្រឿងញៀន។
រាជរដ្ឋាភិបាលបានណែនាំឱ្យអាជ្ញាធរគ្រប់រាជធានីខេត្ត និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន ត្រូវយកចិត្តទុកដាក់លើកិច្ចការនេះស្របនឹងប្រធានបទអបអរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣«ប្រជាជនជាចម្បង៖ បញ្ឈប់ការរើសអើង និងការមាក់ងាយអ្នកញៀនគ្រឿងញៀន ពង្រឹងការងារ អប់រំបង្ការ» និងតាមប្រធានបទថ្នាក់ជាតិសម្រាប់ឆ្នាំ២០២៣ «អ្វីៗដើម្បីប្រជាជនជាចម្បង៖ យើងរួមគ្នា ពង្រឹងសុខដុមនីយកម្មក្នុងសហគមន៍»។
គ្រឿងញៀន ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកថានៅតែជាបញ្ហាសង្គមដែលមានភាពស្មុគស្មាញ និងបង្កផលប៉ះពាល់ដល់សុខុមាលភាពមនុស្សរាប់លាននាក់ ប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍសង្គមនៃបណ្តាប្រទេស តាមរយៈគ្រប់មធ្យោបាយ និងល្បិចកលលួចលាក់ផលិត ចរាចរ និងជួញដូរគ្រឿងពីកន្លែងមួយទៅកន្លែងមួយ ពីប្រទេសមួយទៅប្រទេសមួយទៀតដោយបង្កឡើងដោយក្រុមឧក្រិដ្ឋជន។
រាជរដ្ឋាភិបាលគូសបញ្ជាក់ថា បទល្មើសគ្រឿងញៀននេះបានជះឥទ្ធិពលអវិជ្ជមានដល់កម្ពុជា ដែលបង្កឱ្យប្រជាជនកម្ពុជាមួយចំនួនធ្លាក់ខ្លួនប្រព្រឹត្តិបទល្មើសខុសច្បាប់ រហូតដល់ឈានធ្វើអំពើហិង្សាក្នុងគ្រួសារ ចោរកម្ម ឧក្រិដ្ឋកម្មប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍធនធានមនុស្សជាដើម។
គូសបញ្ជាក់ថា ក្នុងឆ្នាំ២០២២ អាជ្ញាធរបង្រ្កាបបទល្មើសគ្រឿងញៀនគ្រប់ប្រភេទបានជិត ១៥តោន កើនប្រមាណជាង ៣ដងបើធៀបនឹងឆ្នាំ២០២១ និងសារធាតុគីមីផ្សំជាង ៥០៤តោន កើនប្រមាណ ៤៩៤,១៨ភាគរយ។ សារធាតុញៀនទាំងនេះត្រូវបានដុតបំផ្លាញចោលចំថ្ងៃប្រារព្ធទិវាអន្តរជាតិនៅរាជធានីភ្នំពេញ និងនៅតាមខេត្តគោលដៅមួយចំនួន។ ជាមួយគ្នានេះអាជ្ញាធរឃាត់ខ្លួនជនសង្ស័យចំនួន ១៥ ០០២នាក់ ក្នុងនោះមានជនសង្ស័យមួយចំនួនត្រូវបានបញ្ជូនទៅតុលាការ៕