វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

កម្ពុជា និងក្រុមហ៊ុន FACEBOOK សហការគ្នាក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលនៅកម្ពុជា

ភ្នំពេញ៖ គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” និងក្រុមហ៊ុន META បានសហការរៀបចំពិធីប្រគល់វិញ្ញាបនបត្រ កម្មវិធីបណ្ដុះបណ្ដាលស្ដីពី “ការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា” រដូវកាលទី១។

ពិធីប្រគល់វិញ្ញាបនបត្រនេះបានប្រព្រឹត្តឡើងក្រោមការចូលរួមរបស់ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល លោក ឈៀង វណ្ណមុនិណ្ឌ និង អ្នកគ្រប់គ្រងគោលនយោបាយសាធារណៈនៃក្រុមហ៊ុន META លោក ហេង ភក្តី ព្រមទាំងសិក្ខាកាម គ្រូបណ្ដុះបណ្ដាលជាច្រើនទៀត នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច។

លោក ឈៀង វណ្ណមុនិណ្ឌ បានលើកឡើងថា កម្មវិធីបណ្ដុះបណ្ដាលនេះ ទទួលលទ្ធផលដូចការរំពឹងទុក ដោយម្ចាស់ និងអ្នកគ្រប់គ្រងសហគ្រាសបានចាប់យកចំណេះដឹងសំខាន់ៗ គំនិតនវានុវត្តន៍ និងបទពិសោធន៍ជាក់ស្ដែងបន្ថែម ពីសំណាក់អ្នកជំនាញផ្នែកទីផ្សារឌីជីថល ដែលជាការចូលរួមចំណែកសំខាន់ ក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលនៅកម្ពុជា។

លោកថ្លែងថា៖ «អ្វីដែលទទួលបានពីវគ្គបណ្ដុះបណ្ដាលនេះនឹងផ្ដល់ជាគុណប្រយោជន៍ដល់សហគ្រាសក្នុងការអនុវត្តកិច្ចដំណើរការអាជីវកម្មរបស់ខ្លួន ក៏ដូចជា ការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលនៅកម្ពុជាផងដែរ»

ជាមួយគ្នានេះ អ្នកគ្រប់គ្រងគោលនយោបាយសាធារណៈនៃក្រុមហ៊ុន META លោក ហេង ភក្តី បានគូសរំលេចពីសារៈសំខាន់នៃការបង្កើនជំនាញ និងចំណេះដឹងឌីជីថលសម្រាប់សគ្រាសកម្ពុជានៅក្នុងយុគ្គសម័យបច្ចេកវិទ្យាឌីជីថល។

លោកក៏បន្តផ្ដល់ជាសំណូមពរ និងលើកទឹកចិត្តដល់សិក្ខាកាម ក្នុងការបន្តចាប់យក និងបំពាក់បំប៉នជំនាញ និង ចំណេះដឹងទីផ្សារឌីជីថលបន្ថែមតាមរយៈវគ្គបណ្ដុះបណ្ដាលផ្សេងៗទៀត ដើម្បីយកទៅពង្រីក និងប្រតិបត្តិដំណើរការអាជីវកម្មរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង។

ក្នុងឱកាសនោះដែរសិក្ខាកាម និងគ្រូបណ្ដុះបណ្ដាលក៏បានចូលរួមចែករំលែកបទពិសោធន៍ និងមតិចំណាប់អារម្មណ៍របស់ខ្លួនលើកម្មវិធីបណ្ដុះបណ្ដាលរដូវកាលទី១នេះ អមជាមួយការធ្វើបទបង្ហាញពីលទ្ធផលសម្រេចនៃវគ្គបណ្ដុះបណ្ដាលរដូវកាលទី១ និងការណែនាំបន្ថែមអំពីការប្រព្រឹត្តទៅ កម្មវិធីបណ្ដុះបណ្ដាលស្ដីពី “ការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា” រដូវកាលទី២ ដែលនឹងបើកដំណើរការទទួលពាក្យនាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

គួរឱ្យដឹងដែរថា កម្មវិធីបណ្ដុះបណ្ដាលស្ដីពី “ការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា” បានទទួលបេក្ខជនដាក់ស្នើពាក្យចូលរួម សរុបប្រមាណ ៦០០នាក់។ បន្ទាប់ពីសម្រិតសម្រាំង បេក្ខជន ៥០នាក់ ត្រូវបានជ្រើសរើសចូលរួមវគ្គបណ្ដុះបណ្ដាល នៅក្នុងរដូវកាលទី១នេះ។ វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល ៨សប្ដាហ៍ គឺត្រូវបានប្រព្រឹត្តទៅក្រោមទម្រង់ជាការសិក្សាអនឡាញ និងការសិក្សាក្នុងថ្នាក់រៀន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក