ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានបង្ហើបឲ្យដឹងថាច្បាប់ស្តីពីការបង្កើតតុលាការពាណិជ្ជកម្មនិងត្រូវចេញនៅក្នុងអាណត្តិក្រោយ។ ការបង្កើតតុលាការពាណិជ្ជកម្មនេះគឺដើម្បីបង្កើនភាពទុកចិត្តរវាងអ្នកវិនិយោគទាំងអស់។
ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សាលាយុត្តិធម្មរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នេះសម្ដេចតេជោបានលើកឡើងថា នៅក្នុងអាណត្តិក្រោយ ប្រសិនជាគណបក្សប្រជាជនបន្តដឹកនាំប្រទេសទៀតច្បាប់ទាក់ទងនឹងតុលាការពាណិជ្ជកម្មនឹងត្រូវធ្វើឲ្យសម្រេចដាក់ឲ្យប្រើប្រាស់។
សម្ដេចថា៖ «ឥឡូវយើងមានកាត់គ្រប់រឿងតុលាការមួយថ្នាក់ហ្នឹងកាត់គ្រប់រឿង ឥឡូវនេះយើងត្រូវមានតុលាការឯកទេស»។
សម្ដេចតេជោបានបញ្ជាក់ថា ការបង្កើតតុលាការពាណិជ្ជកម្មនិងបង្កើនទំនុកចិត្តពីអ្នកវិនិយោគមកកាន់ប្រទេសកម្ពុជាកាន់តែខ្លាំង។
កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងយុត្តិធម៌ និងធនាគារអភិវឌ្ឍអាស៊ី (ADB) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើតតុលាការពាណិជ្ជកម្មនៅកម្ពុជា។ ការបង្កើតនេះនឹងជួយសម្រួលដល់វិវាទទាក់ទងនឹងពាណិជ្ជកម្មទាំងអស់។ ការចុះអនុស្សរណៈការយោគយល់គ្នាស្តីពីការគាំទ្រការពង្រឹងសមត្ថភាពមន្រ្តីអនុវត្តច្បាប់ និងកិច្ចដំណើរការតុលាការពាណិជ្ជកម្មកម្ពុជា៕