មន្រ្តីជាន់ខ្ពស់សុខាភិបាលអូស្រ្តាលីលើកឡើងពីសារៈសំខាន់នៃការចាក់វ៉ាក់សាំង ក្រោយមានករណីអ្នកស្លាប់វ័យក្មេងបំផុតនៅក្រុងស៊ីដនី
អូស្រ្តាលី៖ បុរសជនជាតិអូស្រ្តាលីវ័យប្រហែលជាង ២០ឆ្នាំមួយរូបបានស្លាប់បាត់បង់ជីវិតដោយសារកូវីដ-១៩ នៅក្នុងផ្ទះរបស់ខ្លួន នៅក្នុងទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលីនៅថ្ងៃពុធ ទី០៤ ខែសីហានេះ។ បើយោងតាមការឱ្យដឹងពីអាជ្ញាធរសុខាភិបាលអូស្ត្រាលីបានឱ្យដឹងថា នេះគឺជាករណីដែលមានអ្នកស្លាប់បាត់បង់ជីវិតដោយសារកូវីដ-១៩វ័យក្មេងបំផុតក្នុងប្រទេស។
សេចក្តីរាយការណ៍ដដែលបានឱ្យដឹងថា បុរសដែលស្លាប់នោះមិនទាន់បានទទួលវ៉ាក់សាំងបង្ការកូវីដ-១៩នៅឡើយទេ ហើយគាត់បានឆ្លងកូវីដ-១៩ និងបានសម្រាកព្យាបាល ព្រមទាំងដាក់ខ្លួននៅដាច់ដោយឡែកក្នុងផ្ទះរយៈពេល ១៣ថ្ងៃកន្លងមកហើយ។ អាជ្ញាធរក៏បានឱ្យដឹងថា បុរសខាងលើបានឆ្លងកូវីដ-១៩ពីអ្នកស្នាក់នៅជាមួយគ្នា ដោយបុគ្គលរូបនោះបានឆ្លងកូវីដ-១៩ពីទីតាំងមន្ទីរពេទ្យមួយកន្លែង។
ករណីស្លាប់របស់បុរសវ័យក្មេងខាងលើនេះ ត្រូវបានអាជ្ញាធរ និងមន្រ្តីជាន់ខ្ពស់ផ្នែកសុខាភិបាលរបស់អូស្រ្តាលីបង្ហាញក្តីព្រួយបារម្ភអំពីហានិភ័យនៃវីរុសរាតត្បាតនេះ ក៏ដូចជាជំរុញឱ្យប្រជាជនយល់ដឹងពីសារៈសំខាន់នៃការទទួលវ៉ាក់សាំងបង្ការកូវីដ-១៩ផងដែរ។ លោកស្រី Gladys Berejiklian អភិបាលរដ្ឋ New South Wale បានបញ្ជាក់ថា ហានិភ័យដែលអាចស្លាប់ដោយសារកូវីដ-១៩ មិនមែនមានតែលើមនុស្សវ័យចំណាស់នោះទេ ពោលគឺគ្រប់គ្នាអាចក្លាយជាជនរងគ្រោះ។ លោកស្រីក៏បានបង្ហាញពីសារៈសំខាន់នៃការចាក់វ៉ាក់សាំងផងដែរ ដោយរដ្ឋ New South Wale ទាំងមូល គ្រោងនឹងចាក់ឱ្យបានយ៉ាងហោច ៦លាននាក់ ខណៈមនុស្សពេញវ័យទាំងអស់ត្រូវទទួលវ៉ាក់សាំងយ៉ាងហោចណាស់មួយដូសត្រឹមដំណាច់ខែសីហានេះ មុននឹងរដ្ឋ New South Wale បានបញ្ចប់វិធានការបិទខ្ទប់លើទីក្រុង Sydney នៅថ្ងៃទី២៨ ខែសីហាខាងមុខ។
ទីក្រុងធំៗមួយចំនួននៅក្នុងប្រទេសអូស្រ្តាលី បានចាប់ផ្តើមអនុវត្តការបិទខ្ទប់ (Lock Down) ជាបន្តបន្ទាប់ ចាប់តាំងពីមានការផ្ទុះឡើងសាជាថ្មីនៃវីរុសកូវីដ-១៩ ប្រភេទ Delta កាលពីថ្ងៃទី១៦ ខែមិថុនាកន្លងទៅ។ មកដល់ពេលនេះ ការវាយប្រហារដោយរលកថ្មី មានអ្នកឆ្លងចំនួនជាង ៤,០០០នាក់ ស្ទើរតែទាំងអស់គឺជាការឆ្លងកូវីដ-១៩ ប្រភេទដែលតា (Delta)៕