
ព្រះមហាក្សត្រកម្ពុជាទទួលព្រះរាជគោរមងារកិត្តិយសថ្នាក់ខ្ពស់បំផុតខាងព្រះពុទ្ធសាសនាពីអង្គការពុទ្ធសាសនិកពិភពលោក
ភ្នំពេញ៖ អង្គការពុទ្ធសាសនិកពិភពលោក WFB បានព្រះរាជគោរមងារកិត្តិយសថ្នាក់ខ្ពស់បំផុត «ព្រះរាជពុទ្ធមាមកាភិបាល» ថ្វាយជូនព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
គណៈប្រតិភូក្រុមប្រឹក្សាវប្បធម៌អាស៊ីដឹកនាំដោយ អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី លោកស្រី ឃួន សុដារី ព្រមទាំងគណៈប្រតិភូអង្គការពុទ្ធសាសនិកពិភពលោក ដឹកនាំដោយ ព្រឹទ្ធបុរស Phallop Thaiarry ប្រធានអង្គការពុទ្ធសាសនិកពិភពលោក (WFB) បានចូលក្រាបបង្គំគាល់ និងថ្វាយព្រះរាជគោរមងារ “ព្រះរាជពុទ្ធមាមកាភិបាល នៃអង្គការពុទ្ទសាសនិកពិភពលោក” ជាផ្លូវការ ថ្វាយដល់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះ។
«ពុទ្ធមាមកាភិបាល (Patron of The WFB)»៖ គឺជាគោរមងារដែលផ្តល់ជូនដលថ្នាក់ដឹកនាំកំពូលទាំងក្នុងអាណាចក្រ និងពុទ្ធចក្រ ដែលជាអ្នកគ្រប់គ្រង ថែរក្សា គោរពប្រតិបត្តិ ឧបត្ថម្ភទ្រទ្រង់ និងលើក តម្កើងតម្លៃព្រះពុទ្ធសាសនា ប្រកបដោយសទ្ធាជ្រះថ្លា ខ្ពង់ខ្ពស់ និងឧត្តុង្គឧត្តម តាម រយៈសកម្មភាពព្រះពុទ្ធសាសនានានា រួមទាំងសកម្មភាពរបស់ WFB។
«ព្រះរាជពុទ្ធមាមកាភិបាល (Royal Patron of The WFB)» ជាគោរមងារសម្រាប់ផ្តល់ជូនដល់ព្រះមហាក្សត្រ និងព្រះរាជវង្សានុវង្ស ហើយមានអត្ថន័យដូចគ្នាទៅនឹង ពុទ្ធមាមកាភិបាល ដែលប្រើប្រាស់សម្រាប់ថ្នាក់ដឹកនាំក្នុងអាណាចក្រ។
មកទល់បច្ចុប្បន្ន គោរមងារនេះធ្លាប់បានប្រគល់ជូន សម្ដេចព្រះសង្ឃរាជ ព្រះមហា ថេរ ព្រះមហាក្សត្រនិងថ្នាក់ដឹកនាំនៃប្រ ទេស អ្នកកាន់ព្រះពុទ្ធសាសនា ចំនួន៩រូប រួមមាន៖ ១.សម្ដេចសង្ឃរាជនៃព្រះរាជា ណាចក្រថៃ ២.ព្រះមហាថេរមហានាយក នៃសាធារណរដ្ឋស្រីលង្កា ៣.ព្រះមហា ក្សត្រ នៃព្រះរាជាណាចក្រថៃ ៤.ប្រធានា ធិបតី នៃប្រទេសនេប៉ាល់ ៥.ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា ៦.ប្រធានាធិបតីនៃសាធារណរដ្ឋស្រីលង្កា ៧.នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ ៨.ប្រធានសហព័ន្ធពុទ្ធសាសនិកជប៉ុន និង ៩.សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ៕