ភ្នំពេញ៖ ភាគីចិន ដែលទទួលការស្ថាបនាសាងសង់នូវពហុកីឡដ្ឋានជាតិមរតកតេជោ បានបញ្ចប់ការងារសាងសង់សំណង់កីឡដ្ឋានដ៏ប្រណិតនេះជាផ្លូវការហើយ ខណៈការប្រគល់ជូនភាគីកម្ពុជា នឹងធ្វើឡើងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ។ នេះបើតាមការបញ្ជាក់ពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការអូឡាំពិកកម្ពុជា។
មន្រ្តីជាន់ខ្ពស់ផ្នែកកីឡារូបនេះក៏បានបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្នការសាងសង់កីឡដ្ឋានធំ ឬ Main Stadium នៃពហុកីឡដ្ឋានជាតិមរតកតេជោ មានគ្រប់លក្ខណៈ ១០០% ហើយ ពិសេសផ្នែកខាងក្នុងកីឡដ្ឋានទាំងផ្នែកសំណង់ និងផ្នែកបរិក្ខារបច្ចេកទេស ហើយអ្វីដែលនៅសេសសល់គឺជាការតុបតែងផ្ទាំងសិលាចារពីសំណង់ប្រវត្តិសាស្ដ្រនេះ ដែលបញ្ជាក់ពីមិត្តភាពកម្ពុជា-ចិនប៉ុណ្ណោះ ។ ពាក់ព័ន្ធទៅនឹងផ្ទាំងសិលានេះ លោក វ៉ាត់ ចំរើនបានបញ្ជាក់បន្ថែមថា ផ្ទាំងថ្មធំៗទាំងអស់នោះត្រូវបានឆ្លាក់នៅប្រទេសចិនផ្ទាល់តែម្តង និងដឹកជញ្ជូនមកប្រទេសកម្ពុជា សម្រាប់ផ្គុំដំឡើងនៅបរិវេណកីឡដ្ឋានផ្ទាល់។
តាមការគ្រោងទុកក្រោយពីភាគីចិន បានប្រគល់នូវចំណងដៃនេះមកភាគីកម្ពុជារួចរាល់ កម្ពុជាក៏នៅតែបន្តសហប្រតិបត្តិការក្នុងការថែទាំកីឡដ្ឋាននេះពីសំណាក់ភាគីចិនផងដែរ ជាពិសេសពាក់ព័ន្ធនឹងការសម្អាត អនាម័យ សណ្ដាប់ធ្នាប់ និងសន្ដិសុខជាដើម ក្នុងគោលបំណងថែរក្សាសមិទ្ធិផលដ៏អស្ចារ្យនេះឲ្យក្លាយទៅជាកន្លែងដ៏ទាក់ទាញ និងក្លាយជានិមិត្តរូបថ្មីនៃរាជធានីភ្នំពេញ និងព្រះរាជាណាចក្រកម្ពុជា ពិសេសសម្រាប់ត្រៀមរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ។
គួរបញ្ជាក់ថា ពហុកីឡដ្ឋានជាតិមរតកតេជោ បានបើកការសាងសង់កាលពីខែមេសា ឆ្នាំ២០១៧ កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ សមិទ្ធិផលដ៏ប្រណិតនេះ សាងសង់ឡើងក្នុងទំហំទឹកប្រាក់ប្រមាណ ១៦០លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន និងប្រជាជនចិន ជូនមកកាន់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលកីឡដ្ឋាននេះនឹងត្រូវប្រើប្រាស់សម្រាប់ពិធីបើក-បិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមជាប្រវត្តិសាស្រ្តលើទឹកដីកម្ពុជា នាឆ្នាំ២០២៣ខាងមុខនេះ៕