ក្រសួងសេដ្ឋកិច្ចដាក់ដំណើរការប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមអនឡាញដំណាក់កាលទី៣ សម្រួលដល់ការបង្កើតអាជីវកម្មស្របច្បាប់
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសបើកដំណើរការជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី៣ ដែលជាការកែទម្រង់មួយដ៏សំខាន់ ក្នុងដំណើរឆ្ពោះទៅរកការកសាងរដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមឌីជីថល។
ពិធីប្រកាសដាក់ដំណើរការជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី៣ រៀបចំឡើងកាលពីព្រឹកថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមការចូលរួមរបស់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន និងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងសមាគម និងដៃគូអភិវឌ្ឍន៍ផងដែរ។
ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គឺជាការកែទម្រង់ដ៏សំខាន់ ក្នុងគោលដៅសម្រួល និងសម្រាលបន្ទុករបស់ធុរជនក្នុងការធ្វើធុរកិច្ចនៅកម្ពុជា ហើយត្រូវបានដាក់ដំណើរការ ដំណាក់កាលទី១ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ដើម្បីជួយសម្រួលដល់នីតិវិធីនៃការធ្វើធុរកិច្ចទូទៅក្នុងប្រទេសកម្ពុជា ដោយផ្អែកលើគោលការណ៍កាត់បន្ថយនីតិវិធីស្មុគស្មាញ កាត់បន្ថយចំណាយ និងកាត់បន្ថយថិរវេលា។ ជាមួយនឹងការបន្តពង្រីកវិសាលភាព ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី ២ ត្រូវបានដាក់ឱ្យដំណើរការនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ខណៈដំណាក់កាលទី៣ ក៏ត្រូវបានដាក់ដំណើរការជាបន្តបន្ទាប់ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។
លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងឱ្យដឹងថា ដំណាក់កាលទី៣ នេះ គឺជាបង្គោលចរថ្មីមួយទៀត នៃការរៀបចំប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដោយមានការចូលរួមពីក្រសួង-ស្ថាប័ន រហូតដល់១២។ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួង-ស្ថាប័ន ចំនួន៧ នឹងអាចដំណើរការចាប់ពីថ្ងៃនេះតទៅ ខណៈដែលប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួង-ស្ថាប័ន ចំនួន៥ទៀត នឹងអាចដាក់ឱ្យដំណើរការ នៅចុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ។
លោកបានបន្ថែមឱ្យដឹងទៀតថា ការរៀបចំប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ទាំង៣ដំណាក់កាលកន្លងមក តែងមានការកាត់បន្ថយនូវនីតិវិធី ថិរវេលា និងថវិកា ក្នុងគោលដៅផ្ដល់ភាពងាយស្រួលឱ្យបានជាអតិបរមា ដល់ការបង្កើតអាជីវកម្មស្របច្បាប់របស់វិស័យឯកជន។
ជាមួយគ្នានេះដែរ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានក្រុម ការងារបច្ចេកទេសអន្តរក្រសួងរៀបចំការចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន លោក គង់ ម៉ារី ក៏បានធ្វើបទបង្ហាញស្តីពី “វឌ្ឍនភាពការងារចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មានទាំង៣ ដំណាក់កាល” ផងដែរ។
ក្នុងនោះដែរ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ផាន់ ផល្លា ក៏បានលើកឡើងថា ក្រុមការងារអន្តរក្រសួងតែងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និង វិស័យឯកជន ក្នុងការតាមដាន សម្រួបសម្រួល អនុវត្ត និង កែសម្រួលថ្នាលបច្ចេកវិទ្យាព័ត៌មាន ក្នុងគោលដៅ ដោះស្រាយរាល់បញ្ហាប្រឈម និងបំពេញតម្រូវការ របស់វិស័យឯកជន ឱ្យបានកាន់តែពេញលេញ។ ជាមួយនឹងការប្រកាសដាក់ដំណើរការជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី៣ ក្រុមការងារអន្តរក្រសួងក៏ប្តេជ្ញាថានឹងបន្តអនុវត្តកិច្ចការដ៏មានសារៈសំខាន់នេះ ដើម្បីកែលម្អបរិយាកាសធុរកិច្ចនៅកម្ពុជា ឱ្យបានជាអតិបរមា។
គួរឱ្យដឹងដែរថា ដំណើរការនៃប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានគ្រប់ដំណាក់កាល ពឹងផ្អែកលើថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជា (Cambodia Data eXchange - CamDX) ដែលជាឆ្អឹងខ្នងនៃការផ្លាស់ប្ដូរទិន្នន័យរវាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយ និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយទៀត៕