គួរឱ្យភ្ញាក់ផ្អើល! ភរិយារបស់នាយកប្រតិបត្តិក្រុមហ៊ុនOceanGateដែលបាត់ខ្លួនក្នុងមហាសមុទ្រអាត្លង់តិចមានជាប់សាច់ឈាមជាមួយអ្នកដែលស្លាប់ក្នុងហេតុការណ៍លិចកប៉ាល់ Titanic
អន្តរជាតិ៖ អ្នកស្រី Wendy Rush ដែលជាភរិយារបស់នាយកប្រតិបត្តិក្រុមហ៊ុន OceanGate លោក Stockton Rush ដែលលេចបាត់ខ្លួនក្នុងនាវាជ្រមុជទឹកទៅមើលកាប៉ាល់ខ្មោច Titanic នៅក្រោមបាតសមុទ្រអាត្លង់តិចដែលជ្រៅកាលពីសប្តាហ៍មុន គឺជាចៅស្រីរបស់ជនរងគ្រោះដែលបានស្លាប់ដោយសារលេចកប៉ាល់ Titanicនៅឆ្នាំ១៩១២។
អ្នកស្រី Rush គឺជាចៅស្រីបង្កើតរបស់មហាសេដ្ឋី Isidor Straus និងប្រពន្ធរបស់គាត់ឈ្មោះ Ida ដោយពីរនាក់ប្តីប្រពន្ធមានដំណើរកម្សាន្តលេងនៅលើកប៉ាល់Titanic។ អ្នកស្រី Wendy Rush បានរៀបការជាមួយលោក Stockton Rush ក្នុងឆ្នាំ១៩៨៦។
គិតមកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣នេះ មានរយៈពេល៥ថ្ងៃហើយនៃការរុករកជនរងគ្រោះចំនួន៥នាក់ដែលបានលេចបាត់ខ្លួនជាមួយនាវាជ្រមុជទឹកពេលចុះទៅទស្សនាមើលកប៉ាល់ខ្មោច Titanic ខណៈពេលនេះមិនទាន់ដឹងថាពួកគេទាំង៥នាក់នោះនៅរស់ ឬក៏ស្លាប់នៅឡើយទេ។
ជនរងគ្រោះដែលលេចក្នុងមហាសមុទ្រអាត្លង់តិចគឺសុទ្ធតែជាមហាសេដ្ឋី និងមានឋានៈតួនាទីខ្ពង់ខ្ពស់ ដោយមាននាយកប្រតិបត្តិក្រុមហ៊ុនOceanGate ក៏ជាប់នៅនាវាជ្រមុជទឹកនោះផងដែរ មានប្រធានក្រុមហ៊ុនយន្តហោះឯកជន Action Aviation មហាសេដ្ឋីជនជាតិប៉ាគីស្ថាន និងអង់គ្លេស និង អ្នកជំនាញរុករកក្នុងសមុទ្រជនជាតិបារាំង៕